ស្លាកផែនទីចំនួន០៣ និងគ្រាប់ត្នោតចំនួន ៥ពាន់គ្រាប់ត្រូវបានអាជ្ញាធរដាក់តាំងនិងដាំនៅតាមព្រំប្រទល់តំបន់៣ក្នុងភូមិសាស្ត្រក្រុងសៀមរាប

ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ស្លាកផែនទីតំបន់៣ ចំនួន០៣ផ្ទាំង និងគ្រាប់ត្នោតចំនួន ៥០០០គ្រាប់ ត្រូវបានអាជ្ញាដាក់តាំងបង្ហាញ និងដាំនៅតាម ចំណុចព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប។

ការដាក់តាំងបង្ហាញស្លាកផែនទីតំបន់៣ និងដាំគ្រាប់ត្នោតនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ នៅតាមសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ដែលមាន ដែនរដ្ឋបាល ជាប់តំបន់បឹងទន្លេរសាប ក្នុងនោះយើងបានធ្វើការដាក់តាំងស្លាកផែនទី និងដាំគ្រាប់ត្នោត បានចំនួន០៤សង្កាត់ ហើយក្នុងនោះរួមមាន៖ សង្កាត់ចុងឃ្នៀស លើកស្លាកផែនទីតំបន់៣ បានចំនួន០១ស្លាក, សង្កាត់ជ្រាវ ដាក់តាំងបង្ហាញ ស្លាកផែនទីតំបន់៣ បានចំនួន០១ស្លាក និងដាំគ្រាប់ត្នោតបានចំនួន ២០០០គ្រាប់, សង្កាត់សៀមរាប លើកស្លាកផែនទីតំបន់៣ បានចំនួន០១ស្លាក ដាំគ្រាប់ត្នោត តាមចំណុចព្រំតំបន់៣ បានចំនួន ២៦០០គ្រាប់ និងសង្កាត់ស្វាយដង្គំ ដាំគ្រាប់ត្នោតតាមចំណុចព្រំតំបន់៣ បានចំនួន៤០០គ្រាប់ ។

ការដាក់តាំងបង្ហាញស្លាកផែនទី តំបន់៣ និងដាំគ្រាប់ត្នោត នៅតាមព្រំប្រទល់តំបន់៣ នេះ គឺជាផ្នែកមួយនៃការស្តារឡើងវិញនូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹង និងព្រៃលិចទឹក ដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រានរបស់ក្រុមជនខិលខូច និងដើម្បីធានាអោយបាននូវនិរន្តរភាពធនធានជលផល ដែលជាស្បៀងបម្រុងរួមសម្រាប់បងប្អូនប្រជាពលរដ្ឋយើងផងដែរ៕