គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ បើកកិច្ចប្រជុំសាមញ្ញលើកទី៣១

សៀមរាប៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ ដើមី្បពិនិត្យ និងអនុម័ត ទៅលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ និងលទ្ធផលនៃការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២២ និងពិភាក្សាលើស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ តាមវិស័យអប់រំ, សុខភាព, អនាម័យទឹកស្អាត, សន្តិសុខស្បៀង, សង្គមកិច្ច, ពលកម្មកុមារ, សមភាពយេនឌ័រ និងសន្តិសុខសណ្តាប់ធ្នាប់។

លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត បានលើកឡើងពីកិច្ចការសំខាន់ៗ នៃកិច្ចប្រជុំ អំពីសកម្មភាពរបស់ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត ព្រមទាំងធ្វើការបូកសរុបលទ្ធផល នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ ដែលអង្គប្រជុំបានលើកឡើង ដែលជាធាតុចូលដ៏សំខាន់ សម្រាប់គណៈកម្មាធិការយកទៅអនុវត្តទទួលលទ្ធផលល្អ។ លោកជំទាវក៏បានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួន ដោយផ្តោតសំខាន់ ទៅលើស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនរងគ្រោះទៅតាមវិស័យពាក់ព័ន្ធ សំខាន់វិស័យអប់រំ , សុខភាព , អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច, ពលកម្មកុមារ , សមភាពយេនឌ័រ, សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

លោកជំទាវក៏បានធ្វើការកោតសរសើរ ចំពោះគណៈកម្មាធិការ និងអង្គការដៃគូ ក្នុងការចូលរួមផ្តល់មតិយោបល់អនុសាសន៍ ក្នុងការដោះស្រាយបញ្ហា ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើមី្បឲ្យកិច្ចការងារត្រូវអនុវត្តបន្ត ទទួលបានលទ្ធផលល្អប្រសើរ និងសូមឲ្យអង្គការដៃគូបន្តគាំទ្រ គ្រប់សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត នៅតាមមូលដ្ឋានក្រុង ស្រុកទាំង១២ផងដែរ៕