ឯកឧត្តម សុក ផេង ប្រកាសបញ្ចូលសមាជិកថ្មី​ ៨០នាក់​ ដេីម្បីរួមរស់ជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ចាម​:​ ឯកឧត្តម សុក ផេង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារចុះជួយឃុំ ល្វាលើ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៨០នាក់ មកពីភូមិចំនួន ៤ គឺភូមិក្បាលហុងថ្មី ភូមិក្បាលហុងចាស់ ភូមិល្វាជើង និងភូមិល្វាត្បូង ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំល្វាលើ ដោយចូលរួមពីលោក សំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ ១១៩នាក់។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម សុក ផេង បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។​ ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

ជាមួយគ្នានោះ​ ឯកឧត្តម សុក ផេង ក៏បានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្តនិងគោរពគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​ ៕