អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការកសាងប្រទេសឲ្យមានការរីកចម្រេីន​ គឺត្រូវផ្តោតសំខាន់ទៅលេីការកសាងធនធានមនុស្ស

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​​​ បានផ្ដល់​អទិភាព​លេីវិស័យ​ទាំង​៤​ គឺ​ មនុស្ស​ ផ្លូវ​ ទឹក​ និង​ភ្លេីង​ អញ្ចឹង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ យេីងត្រូវ​ជ្រេីសរេីស​​កម្រិត​ជំនាញ​ ​វិជ្ជាសាស្ត្រ​ បច្ចេកទេស​ជា​កត្តាសំខាន់​ ព្រោះការ​កសាង​ប្រទេស​​ឲ្យ​មាន​ការ​រីកចម្រើន​ គឺ​ត្រូវផ្តោត​សំខាន់​ទៅ​លើ​ការកសាង​ធនធាន​មនុស្ស​​ ទេីប​ធ្វើ​ឲ្យ​​ប្រទេស​យើង​មាន​ការ​រីកចម្រើន​ ហើយ​ក៏នាំមក​នូវ​សុខសន្តិភាព​ ​ដេីម្បី​ឲ្យ​​សុខសន្តិភាព​មាន​វឌ្ឍនភាព​ គឺ​ត្រូវ​ចំបាច់​មាន​ការ​អភិវឌ្ឍ​លេី​វិស័យ​ទាំង​៤​នេះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូនដល់​ប្រជាពលរដ្ឋ​ ដល់​សង្គមជាតិ​ ​និង​នាំមក​នូវ​ការ​រីកចម្រើន​ ក៏ដូចជា​ការ​ចូលរួម​លេីក​កម្ពស់​កម្រិត​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីបើកបវសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងចែកប័ណ្ណសរសើរជូននិស្សិត បុគ្គលិក សាស្តចារ្យ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២៣​ ខែមករា​ ឆ្នាំ​២០២២​ ។ 

ក្នុង​ពិធី​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ក្រេីនរំលឹកចំពោះប្អូនៗសិស្សនិស្សិតទាំងអស់​ ត្រូវចងចាំថា ប្អូនៗ គឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវ​ឲ្យ​ប្អូនៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង​ ។ ឯកឧត្តមអភិបាលខេត្ត​ បាន​បន្ត​ថា​ ចំណេះវិជ្ជា និងសីលធម៌ជាក្រុមគ្រួសារ ដូចនេះសូមឲ្យប្អូនៗ​ ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រលើជំនាញសិក្សារបស់ខ្លួន ដើម្បីអាចក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”​ ​ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៅលើកិច្ចការដែលលោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ បានដាក់ឲ្យធ្វេី ទាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន​ ពោលគឺត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បី ទាំងឡាយ ដែលជាកង្វល់ចំពោះមុខរបស់សង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ​ ។​ 

បេីតាមលោក មួនវាសនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ក្នុងឆ្នាំក្សា២០២០-២០២១កន្លងមក​នេះUMEខេត្តកំពង់ចាម មាននិស្សិតកំពុងសិក្សាសរុបចំនួន ជាង២៥០០នាក់ និស្សិតស្រីច្រើនជាង៥០% ដែលកំពុងសិក្សាកម្រិតឆ្នាំសិក្សាមូលដ្ឋាន កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានជំនាញដូចជា ជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ​ គ្រប់គ្រងទេសចរណ៍ ទីផ្សារ សេដ្ឋកិច្ច ច្បាប់ ភាសាអង់គ្លេស អភិវឌ្ឃសហគមន៍​ និងវិទ្យាស្ត្រកុំព្យូទ័រ​ ៕