ក្លឹបសៀមរាបម្ចាស់ផ្ទះទទួលបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់ ៧មករា

0

សៀមរាប៖ ក្លឹបវាយសី SBC ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្របពេលគ្នា ជាមួយនឹងការប្រកាសលទ្ធផល នៃការប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ៧មករា លើកទី២១។ នៅក្នុងព្រឹត្តិការណ៍នេះដែរ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក៏ត្រូវបានប្រកាសជាផ្លូវការ ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃមាជិកសហព័ន្ធកីឡាវាយសីកម្ពុជា ផងដែរ។ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធវាយសីកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានវត្តមានជាគណៈអធិបតី នៅក្នុងពិធីនេះ និងមានការចូលរួមផងដែរ នៃប្រតិភូ និងក្រុមកីឡាករ កីឡាការិនី នៃបណ្តាសម្ព័ន្ធ និងក្លឹបកីឡាវាយសី មកពីរាជធានី ខេត្ត ក្រុង ជាច្រើនក្រុម។
ឆ្លងកាត់រយៈ២ថ្ងៃនៃការប្រកួត របាយការណ៍បច្ចេកទេស ដែលចេញបង្ហាញដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតនេះ មានសម្ព័ន្វកីឡាវាយសីមកពីបណ្តាខេត្តចំនួន៤ និងក្លឹបកីឡាវាយសីចំនួន១៤ផ្សេងទៀត មកពីបណ្តាក្រសួង-អង្គភាព ខេត្ត-ក្រុងទូទាំងប្រទេស សរុបចំនួន ១៦៨នាក់។ ការប្រកួតរួមមាន៧វិញ្ញាសារ ចាប់គូតាមលំដាប់អាយុ រួមមានគូពិសេសបុរសចាប់ពីអាយុ៣៥ឆ្នាំ ដល់លើសអាយុ៥០ឆ្នាំ គូបុរសពិសេស១៩ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ គូយុវជនក្រោម១៦ឆ្នាំ និងគូចុងក្រោយ គឺគូចម្រុះ បុរស-នារី មិនគិតអាយុ ។
មេដាយសម្រាប់ការប្រកួតនេះ រួមមានមេដាយមាសចំនួន១៤ មេដាយប្រាក់ចំនួន១៤ និងមេដាយសំរឹទ្ធ មានចំនួន២៨ ដោយសារតែមានចំណាត់ថ្នាក់លេខ៣ស្ទួន។ ជាការកត់សម្គាល់ ក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយមាសចំនួន៨ លើ១៤ មេដាយប្រាក់ចំនួន៤ លើ១៤ និងមេដាយសំរិទ្ធចំនួន១៤ លើ២៨។
ឯកឧត្តម ឧត្តមសេនីយឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវក្តីមោទភាពក្រៃលែង ចំពោះជំហាននៃការរីកចំរើនវិស៏យវាយសីកម្ពុជា។ ការបើកសម្ពោធក្លឹបកីឡាវាយសី SBC ដែលបានរចនាបំពាក់ឧបករណ័បច្ចេកទេសក្នុងកម្រឹតស្តង់ដារអន្តរជាតិ គឺជាការបោះជំហានថ្មីមួយទៀតរបស់ខេត្តសៀមរាប។ ក៏ជាមោទនភាពបន្ថែមទៀត សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។ សម្រាប់ក្តីរំភើបកក់ក្តៅលើសពីនេះ គឺវត្តមាននៃបណ្តាក្លឹប និងសម្ព័ន្ធកីឡាវាយសី នៃបណ្តាខេត្ត-ក្រុងជាច្រើនដែលត្រូវបានទទួលស្គាល់ជាសមាជិកសហព័ន្ធកីឡាវាយសីកម្ពុជាហើយនោះ បានចាត់ប្រតិភូ ដឹកនាំកីឡាករ កីឡាការិនីឆ្នើមៗ ធ្វើដំណើរមកកាន់ទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។
អភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានវាយតម្លៃខ្ពស់ចំពោះសាវតានៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា ថាគឺជាការរក្សាស្មារតីនៃការដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះប្រវត្តិសាស្រ្តនៃការរស់នៅឡើងវិញនៃប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាស្រ្ត និងជាព្រឹត្តិការណ៍ ដែលបាននាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពផងដែរ។
គួរបញ្ជាក់ឲ្យដឹងដែរថា ឆ្នាំ២០០១ គឺជាឆ្នាំដំបូងនៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ ៧មករា ដោយជ្រើសរើសយកខេត្តកណ្តាលជាខេត្តទី១ នៃព្រឹត្តិការណ៍នេះ។ សហព័ន្ធកីឡាវាយសីកម្ពុជា ដែលជាអ្នកផ្តើមបង្កើតព្រឹត្តិការណ៍នេះ បានកំណត់ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ បន្តវេន។ ឆ្នាំទី២១ ត្រូវនឹងឆ្នាំ២០២២ ខេត្តសៀមរាបមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ព្រឹត្តិការណ៍ប្តូរវេនលើកទី២២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា នឹងត្រូវធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ៕