ក្រុមគណៈចលនាស្ត្រីចំនួន៣ស្រុកចូលរួមវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រី ដើម្បីឱ្យមានបទពិសោធន៍ក្នុងការដឹកនាំស្ត្រីគឺត្រូវរក្សាកម្លាំងចាស់បង្កើនកម្លាំងថ្មីនៅក្នុងមូលដ្ឋាន

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ០៤ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មាន សំអាន សមាជិក ព្រឹទ្ធសភា ប្រធានគណកម្មការទី៨នៃព្រឹទ្ធសភា ប្រធានគណៈចលនាស្រ្តី និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវសង្កហបណ្ឌិត
ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានចលនាមហាជន និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជាអធិបតីភាព ក្នុវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់នៅសាលាស្រុកប្រាសាទសំបូរ។

វគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់នេះផងដែរ ដោយមានការសម្របសម្រួលនិងបង្រៀនដោយ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្ត លោកជំទាវ លឹម ផល្លា សមាជិករដ្ឋសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានគណៈកម្មការសាខាសមាគមនារីខេត្ត។ មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកជំទាវ លោក លោកស្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមគណៈចលនាស្រ្តីចូលរួមពីបណ្ដាស្រុកមួយចំនួនដូចជា ស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់។

នៅក្នុងវគ្គបំប៉នសមត្ថភាពស្ត្រីនេះលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្តបានមានប្រសាសន៍ថា វគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំស្តីពីសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍនេះក្នុងគោលបំណងជួយដល់ក្រុមស្ត្រី ស្ដីពីគោលនយោបាយ ឈ្នះឈ្នះ និងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ និងជំរុញនូវការលើកកម្ពស់គុណភាពស្ត្រី។ តាមរយៈការពង្រឹងសមត្ថភាពស្ដីឲ្យ ក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័ន របស់ជាតិ រួមមានៈ ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និងបង្កើនការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និង វិស័យសង្គមកិច្ច។ សំដៅធានា ឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក។

មតិសំណេះសំណាលដ៏មានខ្លឹមសារនៅក្នុងវគ្គបំប៉នពង្រឹងសមត្ថភាពដល់ក្រុមចលនាស្ត្រីដ៏មានអត្ថន័យ លោកជំទាវ មាន សំអាន សមាជិក ព្រឹទ្ធសភា បានមានប្រសាសន៍ថាថ្ងៃនេះយើងមានមោទនភាពដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើងមានការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី បានចាត់ទុកជាបញ្ហាអន្តរវិស័យនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិឆ្នាំ២០១១-២០២០ តាមរយៈ ការដាក់ចេញនូវគោលការណ៍សមភាព និងសមធម៌យេនឌ័រ។ ការដោះស្រាយបញ្ហាវិសមភាពយេនឌ័រ នៅក្នុងថ្នាក់មូលដ្ឋាន ការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ទាំងក្នុងកម្រិតបុគ្គល និង កម្រិតស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការតាក់តែងផែនការ និងការអភិវឌ្ឍន៍កម្មវិធីជាតិ។

លោកជំទាវបានជំរុញបន្ថែមដល់ក្រុមគណៈចលនាស្ត្រី ត្រូវបន្តពង្រឹងភាពអង់អាចរបស់ស្ត្រី ដោយបង្កើនសក្តានុពលចំពោះស្រ្តីក្នុងតួនាទីជាដៃគូដ៏មាន តម្លៃជាមួយនឹងបុរសក្នុងសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនស្រី នៅតាមភូមិ ឃុំឱ្យ មានមុខរបរ សមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។បន្តលើកកម្ពស់សុខុមាលភាពស្ដីដោយអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ចំពោះស្រ្តីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ ។ បន្តផ្សព្វផ្សាយអប់រំសីលធម៌សង្គម នៅគ្រប់វេទិកា គ្រប់រូបភាព តាមប្រព័ន្ធបណ្តាញ សង្គមសំដៅ បង្ការទប់ស្កាត់ការប្រើហិង្សាលើស្ត្រី និងកុមារ ។ បន្តចូលរួមលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី ដោយបានចាត់ទុកស្ត្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច របស់សង្គមជាតិ ។

ជាចុងក្រោយលោកជំទាវក៏បានសំណូមពរ ដល់ក្រុមគណៈចលនាស្ត្រីទាំងអស់ឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ស្រុក/ខេត្ត ការងារមនុស្សធម៌ និងសកម្មភាពផ្សេងទៀត ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញស្ត្រី កុមារ និងជនងាយរងគ្រោះ ឲ្យទទួលបាននូវសិទ្ធិការពារ និងផលប្រយោជន៍ តាមរយៈការ កែប្រែឥរិយាបថសង្គម ដោយទទួលស្គាល់ស្ត្រីជាដៃគូដ៏សំខាន់នៅក្នុងការអភិវឌ្ឍន៍សង្គម។ សូមឱ្យក្រុមគណៈចលនាស្ត្រីទាំងអស់ចូលរួមក្នុងការជួយគៀងគរ ក្នុងការរកសំឡេងសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានផុលផុស និង ក្នុងឆន្ទៈគាំទ្រពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ គឺស្ត្រីម្នាក់ត្រូវតែបោះឆ្នោតមួយសន្លឹក។