លោកជំទាវ លំ គន្ធារី ប្រគល់ផ្ទះ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ៤គ្រួសារដែល​ត្រូវអគ្គីភ័យលេបត្របាក់​ បានទទួលអំណោយមនុស្សធម៌ពី​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី និងលោក សាយ គឹ​ម​ឡម អភិបាលស្រុកស្ទោង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងមន្ត្រីក្រោមឱវាទ បានចុះសួរសុខទុក្ខ និងផ្តល់ថវិកាដល់ប្រជាពលរដ្ឋ៤គ្រួសារស្ថិតនៅក្នុងភូមិប្រាសាទ ឃុំ ព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានអគ្គីភ័យលេបត្របាក់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះដោយសារឆ្លងចរន្តអគ្គិសនី និងប្រគល់ផ្ទះ១ខ្នង នៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ម្ចាស់ផ្ទះឈ្មោះ  ម៉េង  លី ភេទស្រី(មេម៉ាយ) ទទួលបានផ្ទះ០១ខ្នង សង់ផ្ទាល់ដី មានទំហំ (៤ ម. X ៦ ម.)ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៤គ្រួសារ ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

   

      ថ្លែងនៅក្នងឱកាសនោះ លោកជំទាវបានសម្តែងនូវចិត្តសោកស្តាយ និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះទាំងបួនគ្រួសារខាងលើ ដោយលោកជំទាវបានបញ្ជាក់ថា ក្នងនាមលោកជំទាវផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវឧបទ្ទវហេតុដ៏កាចសាហាវណាមួយ កើតមានឡើងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។ ជាមួយនេះផងដែរ លោកជំទាវក៏បានពាំនាំនូវការផ្តាំការសួសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ ដល់ចុះសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងគ្រប់កាលៈទេសៈ។

   

       ជាចុងបញ្ចប់លោកជំទាវ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាអគ្គីភ័យដើម្បីសុវត្ថិភាព យើងទាំងអស់គ្នាពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ផងដែរ។ទីណាមានទុក្ខលំបាកទីនោះមានសាខាកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

     

     គួរបញ្ជាក់ថាម្ចាស់ផ្ទះពីរគ្រួសារដែលឆេះ១០០%ទទួលបានថវិកា ១.០០០.០០០រៀល និងពីរគ្រួសារដែលឆេះ ៥០%ទទួលបាន ៥០០.០០០រៀល ព្រមទាំងអង្ករ(២៥ គីឡូក្រាម) មី០១កេស ទឹកត្រី០១យួរ  ទឹកស៊ីអ៊ិវ០១យួរ  

ត្រីខ០១យួរ ឃីត០១កញ្ចប់  តង់០១ផ្ទាំង  កន្ទេល០១  ឆ្នាំង០១ឈុត (តូច០១.ធំ០១) និងធុងចម្រោះទឹកស្អាត០១គ្រឿង។ ក្នុងពិធីប្រគល់ផ្ទះប្រជាពលរដ្ឋក្រីក្រចំនួន១៤គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំមានដូចជា៖-អង្ករ ០១ បេ (២៥គម.) មី០១កេស  ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ិវ០១យួរ  និងឃីត០១ កញ្ចប់។