ចាប់ខ្លួនបុរសម្នាក់ ដែលបានប្រទូសកេរ្តិ៍ខ្មាស់លើក្មេងស្រី អាយុក្រោម១៥ឆ្នាំ

0

ខេត្តបាត់ដំបង: ជនសង្ស័យម្នាក់ ដែលទទួលរងនូវពាក្យបណ្តឹង ដោយបានចោទប្រកាន់ពីបទ ប្រទូសកេរ្តិ៍ខ្មាស់លើក្មេងស្រីដែលជាអនីតិជន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ ដើម្បីបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថាក្រោយពីទទួលពាក្យបណ្តឹង ពីអាណាព្យាបាលក្មេងស្រីរងគ្រោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះរួចមក និងដោយអនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ  លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមច្បាប់។

ជនសង្ស័យឈ្មោះ ដៀង វីន ហៅគុច ភេទប្រុស អាយុ៣០ឆ្នាំ បានប្រព្រឹត្តបទនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩ និង ២៥ នាទី យប់ត្រង់ចំណុចភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើសកម្មភាពលួងលោមកុមារីរងគ្រោះ ១នាក់ឈ្មោះ ស ស គ ធ  អាយុ១៣ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា ដោយគេបានលួងលោមថា ឌុបម៉ូតូជូនទៅផ្ទះខណៈពេលកុមារីរងគ្រោះខាងលើកំពុងតែមើលគេរាំធុងបាស់នៅនឹងផ្ទះរបស់ជនសង្ស័យ តែជនសង្ស័យបែរជាឌុបកុមារីរងគ្រោះទៅអោបថើប ស្ទាបអង្អែល នៅក្នុងដីចំការដំឡូង ១កន្លែង ដែលស្ថិតនៅចម្ងាយ ២០០ម៉ែត្រ ពីផ្ទះកុមារីរងគ្រោះទៅវិញ។

បច្ចុប្បន្នក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរៀបចំបញ្ជូនជនសង្ស័យទៅកាន់តុលាការហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស