អាជ្ញាធរបន្តធ្វើការណែនាំដល់ម្ចាស់អាជីវកម្មដ្ឋានដែលមានទីតាំងលក់ដូរនៅតាមបណ្តោយផ្លូវក្នុងក្រុងសៀមរាប

សៀមរាប៖ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទិក្រុងទេសចណ៍អង្គរ ឲ្យមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អ ស្របជាមួយសមិទ្ធិផល នៃផ្លូវ ៣៨ខ្សែផងនោះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ នៃរដ្ឋបាលក្រុងសៀមរាប បានបន្តធ្វើការណែនាំ បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋាន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវមួយចំនួនក្នុងក្រុង ឲ្យពួកគាត់រៀបចំក្នុងការលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ល្អ។

ការងារធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុង បានទទួលផែនការនេះផ្ទាល់ពីរដ្ឋបាលខេត្តសៀមរាប ដែលបានប្រគល់ភារកិច្ចអោយរដ្ឋបាលក្រុង ទទួលខុសត្រូវ ដើម្បីធ្វើការណែនាំ និងហាមបងប្អូនប្រជាពលរដ្ឋ មិនអោយយកយាន្តយន្ត សម្ភារៈ និងទំនិញផ្សេងៗ ដាក់តាំងលក់ដូរ នៅលើផ្លូវថ្មើរជើង និងចំណីផ្លូវសាធារណះ។

ជាមួយគ្នានេះ ក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សូមចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ច ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរបបរស់នៅយើងអោយបានល្អ ស្របតាមគោលបំណងដែលថ្នាក់ដឹកនាំចង់បាន ធានាបាននូវគុណភាព សុវត្ថិភាព ព្រមទាំងការពារបាននូវកិត្តិយសបរិស្ថាន រស់នៅល្អ សម្រាប់បំរើឱ្យការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកំសាន្តផងដែរ៕