ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ចុះពិនិត្យសុខភាពមាត់ធ្មេញ និងជំងឺទូទៅ ជូនពលរដ្ឋក្នុងស្រុកអង្គរជុំ

0

សៀមរាប៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានចុះពិនិត្យសុខភាពមាត់ធ្មេញ ព្យាបាលធ្មេញ ចែកថ្នាំដុសធ្មេញ ពិនិត្យជំងឺទូទៅ ព្រមទាំងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ២២០គ្រួសារ នៅមណ្ឌលសុខភាពគោល ស្ថិតនៅភូមិខ្វាវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។

ក្នុងឱកាសនោះលោក បេង ក្រេះ អភិបាលរងស្រុកអង្គរជុំ ក៏បានណែនាំសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពអោយបានល្អ ដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ក្នុងនោះលោកក៏បានថ្លែងអំណរគុណ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងមន្ទីព្យាបាលធ្មេញជា លាងហេង និងអង្គការ ថ្ងៃថ្មី ជីវិតថ្មី ដែលបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋក្នុងសហគមន៍។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងត្រូវបន្តការប្រុងប្រយ័ត្ន ការពារខ្លួនបន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ ៣កុំនិង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ពិសេសក្រោយពេលចាក់វ៉ាក់សាំងរួចនេះ មិនត្រូវពិសារគ្រឿងស្រវឹងរយៈពេលយ៉ាងតិច១សប្តាហ៍ ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគកូវីដ-១៩៕ អត្ថបទ៖ Reach