សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ

ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិត្ត ខេត្តត្បូងឃ្មុំ ដែលបំពាក់ដោយបរិក្ខារបម្រើការព្យាបាលដ៏ទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏បានរួមចំណែកបម្រើដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់នោះ ដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មន្ទីរពេទ្យនេះ មិនមែនតម្រូវតែអ្នកត្បូងឃ្មុំយើងនេះទេ វានឹងជាផ្នែកមួយនៃការពិនិត្យព្យាបាលនៅភាគត្រើយខាងកើតទន្លេមេគង្គ ដែលមានមួយផ្នែកចេញមកពីខេត្តព្រៃវែង ដែលនៅជិតខាងជាប់ខេត្តកំពង់ចាម។ ទៅពីនេះមិនឆ្ងាយទៅដល់ឆ្លូង ទៅមិនឆ្ងាយយើងទៅដល់ក្រចេះ វាទៅដល់ស្ទឹងត្រែង វាទៅដល់រតនគិរី មណ្ឌលគិរី ដែលអាចមកកាន់ទីតាំងនេះ ដើម្បីពិនិត្យព្យាបាល»។ ឧបករណ៍របស់ចិនកាន់តែទំនើបទៅៗ ជាមួយការបំពាក់បរិក្ខារដទៃទៀត ដែលក្លាយទៅជាមូលដ្ឋានមួយដ៏សំខាននៃការថែទាំសុខភាព និងដោះស្រាយបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ ជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ប្រជាពលរដ្ឋទទួលបានសេវាសុខុមាលភាពកាន់តែប្រសើរ។

សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ ចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក បែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យ ចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។ មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។

សូមបញ្ជាក់ថា ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅ ក្នុងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំផងដែរ៕