នាយកសាលាម្នាក់ ដកហូតទូរស័ព្ទសិស្សរាប់សិបគ្រឿងទុករយ:ពេល១ឆ្នាំ ជាការព្រមាន ហើយមិនទទួលខុសត្រូវលើការខូចខាតឡើយ

0

ខេត្តបាត់ដំបង: ធ្លាយរឿងអាស្រូវមួយ ចេញពីវិទ្យាល័យ ហ៊ុន សែន តាស្តា បន្ទាប់ពីមានអាណាព្យាបាលសិស្សជាច្រើនបានសម្តែងនូវការមិនពេញចិត្តទៅលើលោកនាយកសាលា ដោយសារតែមានការដកហូតទូរស័ព្ទពីសិស្សយកទៅទុករាប់ខែ រហូតដល់១ឆ្នាំ មិនប្រគល់អោយវិញបើទោះបីជាពួកគាត់ចូលខ្លួនទៅធ្វើកិច្ចសន្យាជំនួសកូនៗរបស់គាត់ក៏ដោយ។

ថ្មីៗនេះ មានមាតា បិតា សិស្សជាច្រើន ដែលមានកូនរៀននៅវិទ្យាល័យ ហ៊ុន សែន តាស្តា ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានប្រតិកម្មទៅលើលោកនាយកសាលាឈ្មោះ សុខា ប៊ុណ្ណា ដែលបានចាប់ដកហូតទូរសព្ទ័ពីសិស្សជាច្រើនគ្រឿង ដោយប្រើភាសាថា ជាការព្រមានទៅលើសិស្សណាដែលលែងទូរស័ព្ទក្នុងម៉ោងសិក្សា ដែលលោកដកហូតនេះទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។

ឆ្លើយតបអ្នកសារព័ត៌មាន លោកនាយក សុខា ប៊ុនណា បានឲ្យដឹងថា ការធ្វើបែបនេះគឺក្នុងគោលបំណងពង្រឹងសិស្សានុសិស្ស មិនអោយមានការលែងទូរស័ព្ទនៅក្នុងម៉ោងសិក្សា ។ លោកបន្ថែមទៀតថា មកទល់ថ្ងៃនេះលោកចាប់ដកហូតទូរស័ព្ទជាច្រើនគ្រឿងហើយ ដោយក្នុងទូរស័ព្ទដែលចាប់គឺលោករក្សាទុកមានកំណត់រយ:ពេលមួយឆ្នាំ ចំពោះរឿងចូលខាតលោកមិនបានឆ្លើយថាទទួលខុសត្រូវឡើយ ។

ចុងក្រោយលោកបានសង្កត់ធ្ងន់ថា បើទោះបីជាអាណាព្យាបាលសិស្ស ចូលខ្លួនមកធ្វើកិច្ចសន្យាក៏ដោយក៏លោកមិនប្រគល់អោយវិញជាដាច់ខាត តែបើចង់បានទូរស័ព្ទវិញ គឺលោកប្រគល់អោយវិញបាន លុះត្រាតែសិស្សនោះចាកចេញពីសាលានេះ ហើយទៅរៀននៅកន្លែងផ្សេង ដោយមិនអនុញ្ញាតអោយរៀននៅក្នុងវិទ្យាល័យនេះតទៅទៀតបានឡើយ។

មួយរយ:នេះក៏មានសិស្សខ្លះទទួលបានមកវិញនៅក្នុងរយ:ពេលនៃការដកហូត ៦ ខែ ប៉ុន្តែទូរស័ព្ទតម្លៃរាប់រយដុល្លារ ពេលយកមកវិញត្រូវគាំងគ្រឿងអស់ ប្រើលែងកើតទៅហើយ ដូច្នេះតើអ្នកណាទទួលខុសត្រូវលើបញ្ហានេះ?

ចំពោះលោក សំអាត ប្រធានការិយាល័យអប់រំស្រុកសំពៅលូនលោកបានឲ្យដឹងថា រាល់ការរឹតបន្តឹងនិងការចាប់ដកហូតទូរស័ព្ទសិស្សដោយមានកំណត់ពេលមួយឆ្នាំបែបនេះ លោកមិនបានដឹងនោះទេលោកបានឲ្យអាណាព្យាបាលទៅទំនាក់ទំនងជាមួយលោកនាយកផ្ទាល់ ហើយលោកនឹងអោយក្រុមការងារចុះសិក្សាក្នុងរឿងនេះ ៕ អត្ថបទ : ព្រាប.ស