ក្មេងស្រីពីរនាក់បានស្លាប់ភ្លាមៗ ករណិគ្រោះថ្នាក់ចរាចរកណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ កុមារីជាសិស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍នៅវេលម៉ោង ៨និង ១០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ ១៥០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកព្រួស ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BD 7208 បានបើកទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AK 3416 បើកបរដោយក្មេងស្រីចំនួន ២នាក់ បណ្តាលអោយក្មេងស្រីទាំង ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនយកទៅស្នងការនគរបាលខេត្ត រងចាំដោះស្រាយនៅពេលក្រោយ៕