ផ្ទុះសេខ្សែភ្លើងក្នុងផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង សមត្ថកិច្ចជួយអន្តរាគមន៍ជាង 2 ម៉ោងទើបគ្រប់គ្រងសភាពការណ៍បាន

កំពង់ឆ្នាំង ៖ អគ្គីភ័យ ឆាបឆេះផ្ទះល្វែងមួយកន្លែងនៅជាន់ទី2 បានកើតឡើងបណ្ដាលអោយមានការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង វេលាម៉ោង 6និង 30 នាទីយប់ថ្ងៃទី 17 ខែមីនា ឆ្នាំ 2022 នៅចំណុចច្រមុះជ្រូក ស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងព័ត៌មានជាបឋមថាបណ្ដាលមកពីទុស្សេខ្សែភ្លើង។

លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាអគ្គីភ័យនេះបានឆាបឆេះនៅក្នុងផ្ទះថ្ម មួយល្វែងនៅចំណុចចម្រុះជ្រូក ដែលជាកម្មសិទ្ធិរបស់លោក អ៉ឹង ជីប៉ោ ជានាយរង
ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុកា្ខប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងការឆាបឆេះនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង។

ទោះយ៉ាងណាការ អន្តរាគមន៍ ពន្លត់អគ្គីភ័យខាងលើ នេះត្រូវបានគេឃើញ
ថា មានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដែលព្យាយាមដឹកនាំការ ពន្លត់ហើយបានរយៈពេលជាង 2 ម៉ោងទើបគ្រប់គ្រងសភាពការណ៍បានព្រោះតែផ្ទះខាងលើមានមុខរបរលក់ គ្រឿងអគ្គិសនី និងគ្រឿងសម្ភារៈជាច្រើនមុខទៀត ។

អធិការនគរបាលក្រុងកំពង់ឆ្នាំងក៏បានឱ្យដឹងថាការអន្តរាគមន៍ពន្លត់នេះគឺបានប្រើប្រាស់ កម្លាំងប្រមាណជា100 នាក់និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២ឡានទើបរលត់ទាំងស្រុងនៅវេលាម៉ោង 8.30នាទី ។

ក្នុងកិច្ចអន្តរាគមន៍នេះផងដែរក៍មានមន្ត្រីនគរបាលម្នាក់រងគ្រោះ ដោយពុលផ្សែងថប់ ដង្ហើមសន្លប់ដោយសារតែជួយអន្តរាគមន៍ផងដែរ ៕ សុខ គឹមសៀន