កូនឈើចំនួន ១០០០ដើម ត្រូវបានដាំក្នុងពិធីសម្ពោធឧទ្យានអនុស្សាវរីយ៍អង្គរ តូតាល់អេនើជី

សៀមរាប៖កូនឈើចំនួន ១០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ត្រូវបានដាក់ដាំនៅក្នុងឧទ្យានអនុស្សាវរីយ៍អង្គរ តូតាល់អេនើជី នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ក្រោមវត្តមានលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ អគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយរងអាជ្ញាធរជាតិអប្សរា អភិបាលរងខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២0០នាក់។

លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា តំបន់អង្គរជាកេរ្តិ៍មរតកដូនតាខ្មែរ រាប់ជំនាន់មកហើយ ពោលគឺ ប្រាសាទតែងតែនៅជាមួយមនុស្ស នៅជាមួយព្រៃព្រឹក្សា និងទឹក ហើយអ្វីដែលយើងធ្វើនៅថ្ងៃនេះ គឺ ជាផ្នែកមួយក្នុងការថែរក្សាមរតកវប្បធម៌របស់យើង។ មិនចំពោះតែប្រាសាទទេ សូម្បីតែនៅតាមទីវត្តអារាមនានាគឺ ព្រះសង្ឃតែងបានផ្តល់ឱវាទឱ្យពុទ្ធបរិស័ទ្ធដាំដើមឈើ ព្រោះដើមឈើបានផ្តល់នូវប្រយោជន៍ជាច្រើនដល់មនុស្ស។ ដូចនេះការប្រារព្ធពិធីដាំកូនឈើនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ឲ្យមានពណ៌បៃតង និងដើម្បីរក្សាបាននូវការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួមដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រើន បានបញ្ចេញឧស្ម័នពុល ឧស្ម័ន ផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះយ៉ាងខ្លាំង និងបានធ្វើឲ្យកំដៅនៅលើផែនដីកើនឡើង។ ម្យ៉ាងទៀត ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។

លោកជំទាវ ក៏បានបញ្ជាក់បន្ថែមដែលថា ការជួបជុំគ្នាដាំកូនឈើនាពេលនេះ ក៏អាស្រ័យលើគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយនេះ បាននាំមកនូវសន្តិភាព ស្ថេរភាពសម្រាប់ជាតិទាំងមូល យ៉ាងណាម៉ិញ បើយើងក្រលេកទៅមើលស្ថានភាព និងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសអ៊ុយក្រែន ពួកគាត់មិនអាចជួបជុំគ្នាដំាដើមឈើបានឡើយ ព្រោះប្រទេសទាំងនោះបច្ចុប្បន្នពុំមានស្ថេរភាពនយោបាយ និងសន្ដិភាពដូចជាប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់គ្នាចូលរួមថែរក្សាសន្ដិភាពស្ថេរភាពជាមួយរាជរដ្ឋាភិបាលបានគង់វង្សមកដល់សព្វថ្ងៃ។ ហេតុននេះ កត្តាសន្តិភាព ស្ថេរភាព ជាកត្តាមូលដ្ឋានមួយធំបំផុត ដែលត្រូវតែរួមគ្នាថែរក្សាឲ្យបានគង់វង្ស៕