ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ត្រូវបានខ្យល់កន្ត្រាក់របើកដំបូល ជញ្ជាំង និងខូចខាតមួយចំនួនស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)÷ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:៣០ នាទីយប់ មានភ្លៀងផ្គររន្ទះលាយឡំទឹកភ្លៀង មានខ្យល់កន្ត្រាក់បានបណ្ដាលឲ្យរលំផ្ទះធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង របើកដំបូល ជញ្ជីង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់លោក ហេង និត មេភូមិអូររំដេង បានចុះស្រង់ចំនួនខ្នងផ្ទះដោយឃើញមានផ្ទះចំនួន ១៥ខ្នង មានរបើកដំបូល រលំសសរ ជញ្ជីង និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ចំណែកឯផ្ទះ០១ខ្នងគឺខូចខាតទាំងស្រុង ព្រមទាំងប៉ះពាល់ទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋណាមួយឡើយ។ អាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាបបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុ ដើម្បីសុវត្ថិភាព យើងទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ផ្ទះ០១ខ្នងដែលខូចខាតទាំងស្រុងមានឈ្មោះលោក រស់ ភ័ក្រ ភេទប្រុស អាយុ២៧ ប្រពន្ឋឈ្មោះ ម៉ូន ធារ៉ា អាយុ២៥ ប៉ះពាលដល់ទ្រព្យសម្បត្តិមួយចំនួនផងដែរ។