ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបិទការប្រកួត និងប្រគល់ពាន់រង្វាន ដល់ក្រុមកីឡា ប្រកួតដណ្ដើមពានរង្វាន់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ

តាកែវ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្ត អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត តំណាងសហព័ន្ធកីឡាកម្ពុជា បានអញ្ជើញបិទការប្រកួត និងប្រគល់ពានរង្វាន់ ដល់ក្រុមកីឡាដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់ លេខ១ លេខ២ លេខ៣ និងលេខ៤ ក្នុងការប្រកួត ដណ្ដើមពានរង្វាន់ «« លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២២»» ដែលបានរៀបចំធ្វើឡើងនៅតារាងបាល់ ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ពិធីនេះដែរ ក៏មានការ អញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងគណៈកម្មាធិការរៀបចំការប្រកួត គ្រូបង្វឹក ក្រុមកីឡាទាំង ១២ក្រុម មកពីបណ្ដាក្រុងស្រុក ទាំង១០ នៃខេត្តតាកែវ។

សូមបញ្ជាក់ដែរថា ការប្រកួតបាល់ទះដណ្តើមពានរង្វាន់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ មានរយៈពេលប្រាំពីថ្ងៃចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ចែកចេញជា ១២ក្រុម ៤ពូល ដោយក្នុងមួយពូលមាន ៣ក្រុម និងត្រូវជ្រើរើស ២ក្រុម ដើម្បីឡើងវគ្គផ្តាច់ព្រាត់។ ចំពោះលទ្ធផលនៃការប្រកួតនេះដែរ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ «ស្នងការនគរបាល ខេត្តតាកែវ» ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករ «ក្រុមបងប្អូនល្អក្រុងដូនកែវ» ចំណាត់ថ្នាក់ លេខ៣ បានទៅលើក្រុមកីឡាករ «វរៈការពារព្រំដែន៦០៣» និងលេខចំណាត់ថ្នាក់លេខ៤ បានទៅក្រុម កីឡាករ «អធិការដ្ឋាននគរបាលស្រុកបូរីជលសារ» ៕