ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣៩០គ្រួសារ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំ

0

កំពង់ធំ÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អភិបាលស្រុក កងកម្លាំងទាំងបី លោកមេឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣៩០គ្រួសារ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងភូមិកំពឺតឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឡើងធ្វើរបាយការណ៍ពីបញ្ហាប្រឈមគឺ ដីអភិរក្សសត្វខ្សឹប និងសហគមន៍ព្រៃឈើបានគ្របដណ្តប់ទៅលើ ភូមិកំពឺត វត្តតាគាំសួស្តីសិរីគន្ធា (ហៅវត្តកំពឺត) ព្រៃបច្ឆា (ព្រៃកបខ្មោច) ព្រៃអ្នកតា និងគ្របដណ្តប់លើដីស្រែប្រជាពលរដ្ឋភូមិកំពឺតទាំងស្រុង និងភូមិផ្សេងៗទៀតក្នុងឃុំសាមគ្គី ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ទាំងការប្រើប្រាស់អាស្រ័យផលលើដីកសិកម្ម និងដីលំនៅដ្ឋាន។ ប្រជាពលរដ្ឋមានការភ័យខ្លាច ពីមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាការ គម្រាម ការចាប់ត្រាក់ទ័រភ្ជួររាស់ដីដាំដំណាំ ឧបករណ៍សម្រាប់កសិកម្ម ពិន័យជាប្រាក់ និងដកហូតឧបករណ៍ ប្រើប្រាស់របស់ប្រជាកសិករជាដើម។ ដើម្បីស្នើសុំកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន ៣៩០ គ្រួសារ មានផ្ទៃដី ២,៦៣០ហិតា បានប្រើប្រាស់អាស្រ័យផលដោយស្របច្បាប់។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ថាជាលទ្ធផលក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ថ្ងៃនេះប្រជាពលរដ្ឋក្នុងឃុំសាមគ្គី ចំនួន៣៩០ គ្រួសារ និងប្រជាពលរដ្ឋឃុំប្រឡាយ ឃុំទ្រាស្រុកស្ទោង ទទួលបានការឆ្លើយតបពីថ្នាក់ដឹកនាំ និងបានធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យនាពេលនេះ។ ប្រជាពលរដ្ឋទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំដែល តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ យើងខ្ញុំនឹងបន្តគាំទ្រគោលនយោបាយ និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត ។

ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់កុំទន្ទ្រានដីបន្ថែមទៀតទៅក្នុងតំបន់សត្វខ្សឹបបន្តទៀតទេ ចូលរួមថែរក្សាព្រៃសហគមន៍ឲ្យបានគង់វង្ស។ លើសពីនេះទៅទៀតសូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវិត-១៩ឲ្យបានគ្រប់ៗគ្នា និងរក្សា (បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។