លោកជំទាវ ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តកោះកុង

កោះកុង៖ បន្ទាប់ពីបញ្ចប់បេសកម្មនៅក្នុងខេត្តស្វាយរៀងរួចមក លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជានិងក្រុមការងាររបស់ក្រសួងសុខាភិបាលបានបន្តដំណើរមកកាន់ខេត្តកោះកុង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងមួយចំនួន ដែលជាគោលដៅចាំបាច់សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានទីតាំងស្ថិននៅ វិទ្យាល័យស្រែអំបិល ផ្សារស្រែអំបិល មណ្ឌលសុខភាពត្រពាំងរូង។

ក្នុងចុះពិនិត្យនេះ លោកជំទាវ ឱ វណ្ណឌីន បានកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងខ្ពស់ក្នុងការស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំង ដើម្បីការពារពីជំងឺកូវីដ-១៩ ជាពិសេសទៀតនោះ គឺវីរុសបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានចល័តវ៉ាក់សាំងក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយចំនួនបានចុះចាក់ទៅតាមទីតាំងគោលដៅសំខាន់ៗដែលមានដូចជា សាលារៀន រោងចក្រ វត្តអារាម ក៏ដូចជាតាមទីផ្សារផងដែរ។ ជារួមគ្រូពេទ្យនៅក្នុងខេត្តកោះកុង នៅតែបន្ដត្រៀមលក្ខណៈដដែល ដើម្បីឆ្លើយតបក្នុងករណីមានការងើបឡើងវិញ នៃជំងឺកូវីដ-១៩។

លោកជំទាវរដ្ឋលេខាធិការ បានអះអាងថា បើទោះបីមានការងើបឡើងវិញ ក្រុមគ្រូពេទ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថាធ្លាប់ឆ្លងកាត់ដំណាក់កាលឆ្លងខ្លាំងកាលពីពេលកន្លងទៅ។ លោកជំទាវ បានជំរុញឲ្យមូលដ្ឋានសុខាភិបាលសាធារណៈខេត្តកោះកុង នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងគោលដៅសំខាន់ៗមួយចំនួនមានការខិតខំប្រឹងប្រែង ដើម្បីឲ្យមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានច្រើន និងលឿន ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានបន្ដណែនាំឲ្យក្រុមគ្រូពេទ្យ ត្រូវតែបង្ខិតការចាក់វ៉ាក់សាំងឲ្យទៅដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដូចអ្វីដែលបានអនុវត្តនាពេលកន្លងមកបន្ថែមទៀត សំដៅធ្វើយ៉ាងណាជំម្រុញដល់ប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ ត្រូវតែមកចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពសាំក្នុងសហគមន៍៕