បង្ក្រាបមុខសញ្ញារក្សាទុកគ្រឿងញៀន ដកហូតបានទាំងកញ្ឆា បានទាំងដាវសាំម៉ូរ៉ៃ

ខេត្តបាត់ដំបង ÷ មុខសញ្ញាសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការហើយ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបាន រួមជាមួយនិងវត្ថុតាងមួយចំនួនផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០ យប់ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ១ នាក់ឈ្មោះ កែវ សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបាននៅពេលនោះរួមមាន: ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១ថង់ ថ្នាំគ្រាប់រាងត្រីកោណពណ៏បៃតងខ្ចីចំនួន ១គ្រាប់សង្ស័យមានសារធាតុញៀន និង ទូរសព្ទ័ដៃចំនួន១គ្រឿង។

ឆ្លងតាមចម្លើយសារភាពរបស់ឈ្មោះ កែវ សម្ភស្ស និងដោយមានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះនៅថ្ងៃទី ៤ ខែ ឆ្នាំ ដដែល វេលាម៉ោង៨ ព្រឹក កម្លាំងជំនាញបានធ្វើការបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ថែមទៀត

១.ឈ្មោះ ប៊ូ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ អូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង និង ២.ឈ្មោះ ខុ សុខន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការលើកទីពីរនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១ ថង់ ថ្នាំគ្រាប់រាងត្រីកោណពណ៏បៃតងខ្ចី ចំនួន១១គ្រាប់សង្ស័យមានសារធាតុញៀន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន

ទូរសព្ទ័ដៃ១គ្រឿង រថយន្ត១គ្រឿង ម៉ាកតូយូតា ព្រូស ពណ៏ស សេរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2B-J4373 ស្លឹកកញ្ឆាក្រៀម មួយចំនួន ឧបករណ៍បំពងសំលេងនិងភ្លើងវិលមួយចំនួន និង ដាវសាំមូរៃ៉ ចំនួន១ដើម។

ក្រោយពីការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអធិការស្រុកកំរៀង បញ្ជូនទៅតាមនីតិវិធីហើយ ៕ អត្ថបទ : ព្រាប.ស