មេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា ទីវត្តអារាមជាកន្លែងស្នាក់អាស្រ័យរបស់សិស្សជាកូនចៅពលរដ្ឋក្រីក្រ ជាសារមន្ទីរនៃវប្បធម៌ និងអក្សរសាស្រ្តជាតិ

កំពង់ចាម : ក្នុងពិធីសម្ពោធឆ្លងមហាកុដិភ្លោះ និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិត ក្នុង ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ទីវត្តអារាម ជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជន ដែលមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល, ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក, ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ, ជាទីបង្អែកខាងផ្លូវចិត្ត, ជាឃ្លាំងផ្ទុកចំណេះដឹង, ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ និងអក្សរសាស្រ្តជាតិនាគ្រប់សម័យកាល ។

ក្នុង ពិធីនេះដែរ លោកឧត្ដមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក បាន លេីកឡេីងថា ការដឹកនាំដោយធម៌ គឺ ពិតជាសំខាន់ណាស់ ដែល រាជរដ្ឋាភិបាលសព្វថ្ងៃ បានដឹកនាំដោយផ្អែកលើគោលការណ៍នេះ សំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។ ចំពោះ ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន ក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នា ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិ និងធានានរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។

ជាមួយគ្នា នោះ លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន បញ្ជក់ ថា សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែកដោយមិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេសការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវផងដែរ ៕