ផ្ទុះអាវុធដោយសារទំនាស់ដីធ្លី ធ្វើអោយមន្ត្រីយោធាម្នាក់ បាក់ជើងម្ខាង

ខេត្តបាត់ដំបង ÷ មន្ត្រីយោធាមួយរូប ដែលមាននាទីជា នាយរងការិយាល័យទី២ នៃកងពលតូចលេខ ៥២ ត្រូវបានភាគីជម្លោះម្ខាង បាញ់បំបាក់ជើង និងធ្លាយពោះទឹក តែមិនស្លាប់ បន្ទាប់ពីមានបញ្ហាវិវាទដីធ្លីនៅក្នុងតំបន់ស្រុកសំឡូត រួចមក។

ហេតុការណ៍នៃការផ្ទុះអាវុធនេះ បានកើតឡើង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៥ និង ៣០ នាទី ល្ងាច នៅចំណុចភ្នំព្រ័ត្រ ស្ថិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

បើតាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺ មានឈ្មោះ គីម សុខា ហៅ០៧ ភេទប្រុស អាយុប្រហែល ជាង៦០ឆ្នាំ ស្លៀកពាក់ខោ.អាវ.ទាហ៊ាន បានទំនាស់ពាក្យសម្ដីរឿងដីចំការ ជាមួយលោកអនុសេនីយ៍ទោ ទួន.សុធា ហៅលេត មាននាទីជានាយរងការិយាល័យទី ២ នៃកងពលតូចលេខ ៥២ ដោយបានប្រតាយប្រតប់គ្នា នៅពេលនោះដែរកម្លាំងរបស់លោក ទួន សុធា ២នាក់ទៀត គឺមិនហ៊ានចូលទៅក្បែនោះទេ ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ ឈ្មោះ គឹម សុខា ហៅ០៧ បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់បណ្ដាលអោយលោក ទួន សុធា របួសធ្ងន់បាក់ស្មងជើងខាងស្ដាំ និងត្រូវក្បាលពោះ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កបានដណ្ដើមយកកំភ្លើងខ្លីពីជនរងគ្រោះនឹងទូរស័ព្ទមួយគ្រឿង រួចបើកឡានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។បើតាមមជ្ឈដ្ឋានជាច្រើនដែលរស់នៅក្នុងតំបន់ខាងលើ បាននិយាយថា ដីនៅក្នុងតំបន់នេះភាគច្រើនជាការគ្រប់គ្រងបែបអនាធិបតេយ្យ ហើយជនបង្ករូបនេះ កន្លងមកក៏ធ្លាប់ប្រើអំណាចវាយអាជ្ញាធរឃុំថែមទៀតផង នៅពេលនេះដែរ ប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំនឹងនាំខ្លួនទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ជាក់ជាមិនខាន ៕ អត្ថបទ : ព្រាប.ស