ក្រសួងអប់រំ ប្រកាសបើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦

សៀមរាប: ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសបើកការប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ ទូទាំងប្រទេសលើកទី២៦ ដែលការប្រលងនេះ មានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ១០ មករា១៩៧៩ នាក្រុងសៀមរាប។

 

បើតាមរបាយការណ៍គណៈកម្មាការរៀបចំការប្រឡង សម្រាប់ឆ្នាំ២០២២នេះ មានបេក្ខជនដែលមកចូលរួមប្រឡងនៅពេលនេះ មានចំនួន ៤៨០នាក់ មកពី ២៩៤សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុប ១,៨១២កន្លែង នៅទូទាំងប្រទេស។ ក្នុងបេក្ខជនថ្នាក់ទី៩ មានចំនួន ២៤០នាក់ ស្រី ១៤៩នាកើ និងបេក្ខជនថ្នាក់ទី១២ មានចំនួន ២៤០នាក់ ស្រី ១២២នាក់។

 

លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ បញ្ជាក់ថា ដើម្បីកសាង និងអភិវឌ្ឍប្រទេសបាន ចាំបាច់ត្រូវមានធនធានមនុស្ស និងបែបផែនផលិតកម្មទំនើប តាមកាល:ទេស: និងការរីកចម្រើន នៃពិភពលោក។ ការប្រលងជ្រើសរើសយកជ័យលាភីសិស្សពូកែនេះ មានថ្នាក់ទី៩ និង ថ្នាក់ទី១២ ក្នុងនោះ មានចំនួន ១០នាក់ ក្នុងមួយមុខវិជ្ជា និងមួយកម្រិតថ្នាក់ ដែលក្រសួងជ្រើសរើសបាន តែងមានគុណសម្បត្តិសក្តិសមទៅតាមគោលបំណងរបស់ក្រសួង ទាំងក្នុងការជ្រើសរើសឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ដូចជាការប្រកួតប្រជែងយកអាហារូបករណ៍ទៅបរទេសដែរ។

 

លោកថា ទោះបីប្រទេសជាតិសម្បូរទៅដោយធនធានធម្មជាតិច្រើនយ៉ាងណាក៏ដោយ ប៉ុន្ដែបើខ្វះធនធានមនុស្សនោះ ធនធានធម្មជាតិ និងកំណប់ក្នុងដីទាំងឡាយក៏គ្មានប្រយោជន៍ដែរ ព្រោះថា “កំណប់ដែលជីក យកបានពីក្នុងខួរក្បាលមនុស្ស ប្រសើរជាងកំណប់ដែលជីកយកបានពីក្នុងដី” ដូច្នេះកម្ពុជាកំពុងត្រូវការចាំបាច់នូវធនធានមនុស្សជាអ្នកចេះដឹងសម្រាប់ អភិវឌ្ឍប្រទេសជាតិឱ្យដើរទាន់ប្រទេសក្នុងតំបន់ និងអរិយប្រទេសនៅលើពិភពលោក ទើបក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ ជាពិសេសចំពោះក្មួយៗយុវជនដែលមានទេពកោសល្យខ្ពស់ ពូកែ ពីព្រោះពួកគាត់ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាពេលអនាគត។

 

សូមរំលឹកថា កាលពីឆ្នាំ១៩៩៣ ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ថ្នាក់ទី១២ បានប្រឡងជាប់ចូលរៀននៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក ហើយចាប់តាំងពីឆ្នាំ២០០៤មក ក្រសួងបាននាំយកមេដាយ និងពានរង្វាន់នានាមកជូនជាតិមាតុភូមិជាបន្តបន្ទាប់ផងដែរ៕អត្ថបទនិងរូបភាព : ហ៊ារាជ្យ