មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិនប្រារព្ធពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ”TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជៀងខ្ពស់”

(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានប្រារព្ធពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ”TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជៀងខ្ពស់”ក្រោមអធិបតីភាពលោក ភី ឡង់ឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលពីប្រធានស្តីទីមជ្ឍមណ្ឌល អនុប្រធានមន្ទីរ មេឃុំ ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោក អ៊ុ ដារី អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២រួចមកលោក ភី ឡង់ឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា៖ ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសការកសាងបាននៅកម្លាំងជំនាញដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិត និងការប្រកួតប្រជៀងខ្ពស់ដើម្បីធានាថាយុវជនម្នាក់មានជំនាញយ៉ាងតិចប្រចាំជីវិត។ លោកបានបន្តថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈបានកំពុងជំរុញគោលនយោបាយ និងផែនការអភិវឌ្ឍន៍សំខាន់ៗជាច្រើន ជាពិសេសការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ប្រកបដោយគុណភាព និងប្រសិទ្ធភាពអោយឆ្លើយតបទៅនឹងតម្រូវទីផ្សារការងារក្នុងនិងក្រៅប្រទេស។ ទទឹមនេះមន្ទីរការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈខេត្តបានខិតខំសម្រេចនូវសមិទ្ធិផលជាច្រើនតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវីជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ទោះបីយើងប្រឈមនិងជំងឺកូវីដ-១៩ក៏ដោយមន្ទីរបានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អជម្រុញលើកកម្ពស់ជីវភាពប្រសើរឡើងដល់ប្រជាពលរដ្ឋម្នាក់ៗដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្តល់លទ្ធភាពអោយប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។ លោកបានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍជាតិ កម្ពុជាបានដាក់អោយអនុវត្តនៅកម្មវិធីបណ្តុះបណ្តាលថ្មីផ្អែកលើសមត្ថភាព ផ្អែកលើគុណវុឌ្ឍជាតិកម្រិត១,២,៣ទៅកម្រិត៤ សម្រាប់វិស័យអាទិភាពរួមមាន សំណង់ស៊ីវិល, មេកានិច, អគ្គិសនីនិងថាមពល, អេឡិចត្រូនិច, កមន្តសាល, បរិក្ខាត្រជាក់និងកំដៅ និងធុរកិច្ចព័ត៌មានវិទ្យា។ លោកប្រធានមន្ទីរបានជម្រុញមេភូមិមេឃុំចៅសង្កាត់ទាំងអស់ត្រូវផ្សព្វផ្សាយដល់បងប្អូនកូនក្មួយប្រជាពលរដ្ឋយើងដែលមិនទាន់មានមុខរបរឬជំនាញណាមួយពិតប្រាកដសូមអោយមករៀនយកចំណេះដឹងជំនាញពិតប្រាកដរបស់ខ្លួនដើម្បីងាយស្រួលរកការងារធ្វើ និងបើកកន្លែងរកស៊ីផ្ទាល់ខ្លួន ជាពិសេសសិស្សានុសិស្សដែលប្រឡងធ្លាក់ក៏អាចមករៀនយកចំណេះជំនាញនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនេះស្រមតាមពាក្យស្លោកយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច។ លោកក៏បានកោតសសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូនៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដែលបាកខិតខំទាំងកំលាំងកាយចិត្តជួយបង្ហាត់បង្រៀនដល់សិស្ស សិក្ខាកាម ទៅតាមជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអោយពួកគាត់មានជំនាញពិតប្រាកដក្នុងការទៅប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
បើតាមរបាយការណ៍របស់មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបានអោយដឹងថា៖ ក្នុងឆ្នាំ២០២២មានសិស្សចូលរៀនសរុប ២៦៥នាក់ ស្រី ១៥២នាក់ ក្នុងនោះបែងចែកចេញជាកម្រិតសញ្ញាបត្របីដូចជា៖ កម្រឹតសញ្ញាបត្របណ្តុះបណ្តាលវិជ្ជាជីវៈ៣(c3), កម្រឹតសញ្ញាបត្របណ្តុះបណ្តាលវិជ្ជាជីវៈ២(c2) និងកម្រឹតសញ្ញាបត្របណ្តុះបណ្តាលវិជ្ជាជីវៈ១(c1) ដែលមានជំនាញដូចជា៖ ជំនាញការដំឡើងបញ្តាញអគ្គិសនីក្នុងអគារ, ជំនាញការថែទាំ និងជួសជុលរថយន្ត និងសេវាកម្មកុំព្យូទ័រ ក្រៅពីនោះមានជំនាញជាច្រើនរួមមានជំនាញជួសជុលអេឡិចត្រូនិច, ជំនាញសេវាកម្មត្រជាក់, ជំនាញចិញ្ចឹមត្រីក្នុងអាង,ជំនាញចិញ្ចឹមកង្កែបក្នុងលូ, ជំនាញ បណ្តុះផ្សិត, ជំនាញចិញ្ចឹមមាន់, ជំនាញកម្មវិធិធ្វើវ៉ាក់សាំងលើសត្វគោ និងជំនាញដាំបន្លែប្រើប្រព័ន្ធទឹកបង្ហូ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន