អ្នកស្មគ្រ័ចិត្តកាកបាទក្រហមសហការជាមួយមន្ទីរសុខាភិបាលខេត្តចុះ ផ្សព្វផ្សាយនិងដាក់ថ្នាំអាបែតតាមលំនៅដ្ឋានប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ ៖អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដឹកនាំដោយ លោក គាំ សុខុម នាយក សាខា នាព្រឹក ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០២២នេះបានសហការជាមួយមន្រ្តីមន្ទីរសុខាភិបាលដឹកនាំ ដោយ លោកសែនជូ សិទ្ធិជោតិ អនុប្រធានមន្ទីរ សុខាភិបាល រូមនិង អជ្ញាធរមួលដ្ឋាន សរុបចំនួន១០០នាក់ ស្រី៣៦ នាក់បានចុះធ្វើយុទ្ធនាការផ្សព្វ ផ្សាយ និងដាក់ថ្នាំអាបែតតាមលំនៅដ្ឋានប្រជាពលរដ្ឋ ។ដោយយុទ្ធនាការនេះ មានរយៈពេល ចំនួន ៤ថ្ងៃ គិតចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៤ នៅក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ដែលមាន ភូមិចំនួន១៦ ស្មើនិង ១៧,៦៤១ខ្នងផ្ទះ។
លោក សែមជូ សិទ្ធិជោតិ បានបញ្ជាក់ថាសកម្មភាពនេះគឺជាគោលបំណងដើម្បី ការពារបង្ការ ជម្ងឺគ្រុន ឈាមដែលអាចឆ្លងតាមរយៈមូសខ្លាខាំដោយការដាក់អាបែតឱ្យគ្រប់ខ្នងផ្ទះនិងមានប្រើខិតប័ណ្ណហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមកុ្រមនិមួយៗគ្រប់ភូមិ ក្នុងក្រុងព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ ដឹងដូចជា៖
១.សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថាមិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការ កម្ទេច ចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង. ក្រឡ .ពាង .អាង ដែលមិនប្រើប្រាស់ សំបកដប. សំបកដូង. និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញ បរិវេន ផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដងក្នុងមួយ សប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាងអាងទឹកធុងក្រឡថូផ្កាចានទ្រជើងទូ។ល។
២.ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺ ចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។
៣.ត្រូវការពារខ្លួនកុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង(ទាំងថ្ងៃយប់)ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយឬ សំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។
៤.បច្ចុប្បន្នករណីជំងឺគ្រុនឈាមចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ត្រូវរូសរាន់ស្វែងរក សេវាថែ ទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងករណីក្រុមគ្រួសារ ណា ម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន(ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង)និងសញ្ញាបន្ទាប់ បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួល ក្រហមជាដើម។ ហើយគ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើ ប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណា ដែលមិន មាន ជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ។
ជាមួយគ្នានោះលោកសុំឱ្យក្រុមការងារទាំងអស់ចូលរួមបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់ អនាម័យ ពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ (ដោយនាគសមុទ្រ)