អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បរិស្ថាន និងអភិវឌ្ឍទីរួមស្រុក មានសុវត្ថិភាពក្នុងការធ្វើដំណើរ

(កំពង់ធំ)÷នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះពិនិត្យមើលស្ថានភាពផ្លូវចាស់ដែលបានប្រជាពលរដ្ឋសាងសង់សំណង់ផ្សេងៗពីលើផ្លូវ ប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះដែរលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានសាងសង់សំណង់ផ្សេងៗនៅទីនេះ ត្រូវជួយសហការជាមួយរដ្ឋបាលស្រុកស្ទោង ដើម្បីឲ្យរដ្ឋបាលស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បរិស្ថាន និងអភិវឌ្ឍស្រុកស្ទោងជាពិសរសនៅក្នុងទីរួមស្រុកស្ទោងទាំងមូល។

លោកបានបញ្ជាក់បន្ថែមថា កិច្ចការនវមិនមែនសម្រាប់តែឃុំកំពង់ចិនត្បូងមួយទេ គឺគ្រប់រដ្ឋបាលឃុំក្នុងស្រុកស្ទោង ត្រូវណែនាំដល់ពលរដ្ឋរបស់ខ្លួនត្រូវសហការជាមួយអាជ្ញាពាក់ព័ន្ធដើម្បីអភិវឌ្ឍមូលដ្ឋានយើងទាំងអស់គ្នា។

លើសពីនេះ លោកលោកសាយ គឹមឡមក៏បានជំរុញដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបើកផ្លូវនេះឡើងវិញជាពិសេសត្រូវធ្វើសេចក្តីជូនដំណឹង ធ្វើកិច្ចសន្យា ដល់គ្រប់ម្ចាស់ផ្ទះដែលត្រូវធ្វើការរុះរើ និងសហការឲ្យបានឆាប់រហ័សគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ផ្លូវដែលត្រូវបើកឡើងវិញនៅពេលនេះមានប្រវែងប្រហែល១៥០ម៉ែត្រ ត្រង់ចំណុចក្លោងទ្វារវត្តករណីដើម ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។