អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅក្នុងខេត្តកំពង់ធំ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ

កំពង់ធំៈ ឧត្តមសេនីយ៍ទោសោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាប្រគល់ទទួល និងជូនដំណើរមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជីករុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងជំហានទី១ ដំណាក់កាលទី២១ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម លោកវរសេនីយ៍ឯក ធិញ ថាញ់តាម អនុប្រធាននយោបាយយោធាខេត្តប៊ិញភៀក នៃកងទ័ពប្រជាជនវៀតណាម នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ង្វៀន ង៉ុកអាញ់ អនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុK72 របស់ខេត្តប៊ិញភឿក បានរាយការណ៍ពីលទ្ធផល ការលំបាក និងការងាយស្រួល ក្នុងការអនុវត្តភារកិច្ចជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងជំហ៊ានទី១ ដំណាក់កាលទី២១ ឆ្នាំ២០២២ ដោយទទួលបានលទ្ធផលចំនួន៩ អដ្ឋិធាតុ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍នៅពេលនេះ ។

លោកវរសេនីយ៍ឯក ធិញ ថាញ់តាម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលបានសហការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ទទួលបានលទ្ធផលល្អ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះវីរភាពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដោយបានសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះអាយុជីវិតប្រជាជនទូទាំងប្រទេស ឱ្យរួចផុតពីការកាប់សម្លាប់ ក្នុងរបបវាលពិឃាតដ៏ឃោឃៅកន្លងមកនេះ ដោយគិតមកដល់ពេលនេះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមសរុបចំនួន ១.១៤២អដ្ឋិធាតុ រួចមកហើយ ដែលបានជីករុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយត្រូវបានធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ។

នៅក្នុងពិធីនេះផងដែរនាយទាហាននាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីជូនដំណើរមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ប្រកបដោយមនោសញ្ចេតនានិងការសាមគ្គីភាពសហប្រតិបត្តិការល្អ ។ដោយ ប៊ុន រដ្ឋា