ឯកឧត្តម សោម ស៊ុន ថ្លែងអំណរគុណ ម្ចាស់ឆ្នោតក្នុងឳអបអរសាទរខួបទី៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

កំពង់ធំៈ ឯកឧត្ដម សោម ស៊ុនសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំ និងថ្នាក់ដឹកនាំគណបក្សឃុំ បានថ្លែងអំណរគុណម្ចាស់សំលេងឆ្នោត ក្នុងឳពិធីអបអរសាទរខួបលើកទី៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា ពិធីនេះធ្វើនៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។

លោកសូត្រ អ៊ុល ប្រធានគណបក្សឃុំ បេក្ខជនជាប់ឆ្នោតលំដាប់លេខរៀងទី១ នៅឃុំបន្ទាយស្ទោង បានប្តេជ្ញាចិត្តចំពោះមុខសមាជិកបក្ស និងប្រជាពលរដ្ឋ និងដឹកនាំអភិវឌ្ឍន៍ភូមិ.ឃុំ តាមគោលនយោបាយអភិវឌ្ឍន៍ឃុំ.សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បម្រើប្រជាជនដោយស្មោះត្រង់ និងដោយអស់ពីកម្លាំងកាយចិត្ត ដោយយកផលប្រយោជន៍ប្រជាជនជាធំ ។

ឯកឧត្តម សោម ស៊ុន បានអានខ្លឹមសារសំខាន់ៗ សន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទីញខួបលើកទី៧១ ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ជូនសមាជិកបក្ស និងប្រជាពលរដ្ឋ

និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសមាជិកបក្សនិងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ យ៉ាងច្រើនកុះករ ដើម្បីឲ្យគណបក្សប្រជាជនបន្ត ដឹកនាំថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ភូមិ.ឃុំរយៈពេល៥ឆ្នាំបន្តទៀត ។

ឯកឧត្តម សោម ស៊ុនបានសំណូមពរដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់មេត្តាបន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំនាវាកម្ពុជាក្នុង សុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត នៅក្នុងពិធីនេះផងដែរ ក្រុមការងារចុះជួយមូលដ្ឋាន ភូមិ.ឃុំ បានរៀបចំ អាហារសាមគ្គី ជូនសមាជិកបក្សនិងប្រជាពលរដ្ឋពិសាររួមគ្នាប្រកប ដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែង