សមត្ថកិច្ចខេត្តក្រចេះ ចាប់បានរថយន្តមួយគ្រឿង គ្រោងដឹកឈើឆ្លងដែន ក្រោយពីបើកបុកប៉ារាស់យោធាការពារព្រំដែននោះរួចមក

ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុង ២គ្រឿង ដឹកឈើបម្រុងនាំឆ្លងដែនពីកម្ពុជា ទៅវៀតណាម ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ស្ទាក់ចាប់បាន ១គ្រឿង ក្នុងចំណោម ២គ្រឿង ក្រោយពេលបើកបុកប៉ារាស់យោធាការពារព្រំដែនរួចមក។ ចំណែក រថយន្ត ១គ្រឿងទៀត បានបើកគេចបាត់ទាំងព្រលឹងចុងសក់ ។

ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចច្រកព្រំដែន អូរតាលាវ ហៅ ដេ១ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដឹកឈើទាំងពីគ្រឿង បានបើករត់គេចពីការប្រម៉ាញ់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអធិការមេគង្គ ពីស្រុកស្នួល ហើយបានតម្រង់ចូលទៅព្រំដែនវៀតណាម តាមច្រកអូតាលាវ (ច្រករបៀងដេ១) ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងគ្រាដែលរថយន្តនោះ បើករត់គេចចេញពីសមត្ថកិច្ច រថយន្តដឹកឈើមួយគ្រឿងបានបើកឆ្លងប៉ារ៉ាស់ទៅបាត់ ចំណែមួយគ្រឿងទៀត បានបុកប៉ារ៉ាស់របស់មន្ត្រីយោធាព្រំដែនច្រកអូរតាលាវ និងបានគៀរថយន្តរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នៃអធិការដ្ឋានមេគង្គ បណ្ដាលឲ្យរងការខូចខាតមួយចំហៀង ក៏ត្រូវសមត្ថកិច្ចជំនាញចាប់រឹបអូសយករថយន្តដឹកឈើនោះ ទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើឃ្សឹមនាគ្រានោះទៅ។

គួរបញ្ជាក់ថា ច្រករបៀងអូតាលាវ ឬច្រកដេ១ ត្រូវបានគេសង្កេតឃើញថា ហាក់កំពុងបើកភ្លើងខៀវឱ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើ និងធ្យូងនាំឆ្លងដែន ដោយមិនមានការរំខានពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែននោះឡើយ ៕