សមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះ ឆ្មក់ចាប់បានរ៉ឺម៉កដឹកឈើគ្រញូងមួយគ្រឿង គ្រាដែលរថយន្តមួយគ្រឿងទៀតគេចរួច

ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចស្រុកស្នួល នៅល្ងាចថ្ងៃទី ២៩ ខែ មិថុនាឆ្នាំ ២០២២ បានឆ្មក់បង្ក្រាបរថយន្ត និងរ៉ឺម៉កដឹកឈើឈើគ្រញូង ដែលក្រុមឈ្មួញបានរៀបចំដាក់ចេញពីឃ្លាំងមួយកន្លែង ស្ថិតនៅក្នុងផ្លូវច្រកធីធីវ៉ាយ គ្រោងនាំឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកងាំ ៦២ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ រថយន្តសាំយ៉ុងមួយគ្រឿងបានបើករត់គេចបាត់ ដោយសារដឹងខ្លួនមុន និងបានបន្សល់ទុករ៉ឺម៉កដែលមានផ្ទុកឈើ១គ្រឿង ដែលផ្ទុកឈើគ្រញូង និងឈើគគីរពីរសន្លឹក មានមុខកាត់ធំ វែង ។

សមត្ថកិច្ចបានបន្តថា ក្នុងគ្រាដែលសមត្ថកិច្ចឃាត់រ៉ឺម៉កដឹកឈើប្រណិតខាងលើ គេសង្កេតឃើញមេឈ្មួញឈ្មោះ តា វី ដែលជាជនជាតិវៀតណាម បានចេញមកសម្របសម្រួល និងសុំចរចាដើម្បីកុំឲ្យសមត្ថកិច្ច ធ្វើការរឹបអូសយកឈើប្រណិតទាំងនោះ ។

តែទោះជាយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅរឹបអូសយកមធ្យោបាយដឹកជញ្ជូន និងឈើទាំងនោះ នាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕