សមត្ថកិច្ចស្រុកប្រាសាទសំបូរ ប្រដេញស្ទាក់ចាប់រថយន្តមួយគ្រឿង ដឹកឈើចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ

ខេត្តកំពង់ធំ : កម្លាំងសមត្ថកិច្ចស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រដេញស្ទាក់ចាប់បានរថយន្តកាមរីបាឡែន ១គ្រឿង ដែលគេដឹងថា រថយន្តនេះបានដឹកឈើចេញពីខេត្តព្រះវិហារ ចូលមកក្នុងខេត្តកំពង់ធំ ហើយបានព្យាយាមបើកគេចចេញពីសមត្ថកិច្ច ប៉ុន្តែ រថយន្តដឹកឈើ ១គ្រឿងនេះត្រូវបានបង្ក្រាបចាប់បាននៅក្នុងប្រឡាយទឹក។

ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៩ យប់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បី ស្ថិតនៅ​ក្នុងភូមិ​ប្រាសាទ​សំបូរ ឃុំ​ប្រាសាទ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។

មន្ត្រីនៅក្នុងការបង្ក្រាប បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿងនេះ បានដឹកនាំបញ្ជាដោយ លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ រហូត​ឈានដល់​ការ​ស្ទូច​រថយន្ត យកមក​រក្សាទុក នៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ការបង្ក្រាបរថយន្តដឹក១គ្រឿងនេះ បាន​ធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំង​អាវុធហត្ថ​ស្រុក​ប្រាសាទ​សំបូរ និង​កងរាជអាវុធហត្ថស្រុក​ប្រាសាទ​បល្ល័ង្ក ដែលដឹកឈើ​ប្រណិត ចេញពី​ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ហើយរថយន្ត​នោះ បានបើក​គេច​ចេញពី​សមត្ថកិច្ច តតែរថយន្តនេះបានធ្លាក់ចូលក្នុងប្រឡាយទឹក ចំណែក តៃកុង​រថយន្ត បាន​រត់គេច​បាត់ស្រមោល ។​

មន្ត្រីដដែលបានបញ្ជាក់ថា រថយន្តដែលរងការបង្ក្រាបនោះ ប្រភេទតូយ៉ូតា កាមរីបា​ឡែ​នន ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ 2H-3749។

ក្រោយការបង្ក្រាប រថយន្តនេះត្រូវបានបញ្ជូនមកកាន់ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​ស្រាវជ្រាវរក​ម្ចាស់​ដែលឈើ​នោះ មក​ចាត់ការ​តាតតាតាច្បាប់៕