សមត្ថកិច្ចខេត្តក្រចេះ ចាប់ជនសង្ស័យម្នាក់ កាប់ប្អូនថ្លៃស្លាប់ រួចព្យាយាមហែលទឹកទន្លេមមេគង្គគេចចេញពីទីកើតហេតុ

ខេត្តក្រចេះ៖កម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះ បានបើកទូកប្រដេញចាប់ខបុរសសង្ស័យដៃដល់ម្នាក់ ដែលត្រូវជាបងថ្លៃជនរងគ្រោះ រហូតដល់ពាក់កណ្ដាលទន្លេមេគង្គ បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់នារីរងគ្រោះត្រូវជាប្អូនថ្លៃមួយពូថៅ បណ្ដាលឱ្យ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចភូមិកោះដំបង  ឃុំបឹងចារ  ស្រុកសំបូរ  ខេត្តក្រចេះ។

  សមមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើស្ត្រីរងគ្រោះ ដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយ បណ្តាលឱ្យស្លាប់មួយរំពេចនោះមក ជនដៃដល់បានព្យាយាមហែលទឹកកាត់ទន្លេដើម្បីគេចខ្លួន  តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គតែម្តង។

   សមត្ថកិច្ចបានឲ្យដឹងទៀតថា នារីរងគ្រោះមានអាយុ ២៧ឆ្នាំ  ចំណែកជនដៃដល់ជាបងថ្លៃឈ្មោះ  ថា  លីណាន  អាយុ ៣៤ឆ្នាំ  ជាមនុស្សធ្លាប់កើតជំងឺសរសៃប្រសាទ មានទីលំនៅជាមួយគ្នា ក្នុងភូមិកោះដំបង  ឃុំបឹងចារ  ស្រុកសំបូរ  ខេត្តក្រចេះ ។

  បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំង នៃអធិការស្រុកសំបូរ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ។ ចំណែក សាកសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ S/B