ឧទ្ធម្ភាគចក្រថៃធ្លាក់ក្បែព្រំដែនភូមា របួសមេបញ្ជាការយោធភូមិភាគ និងមន្ត្រីយោធា៧នាក់

យ៉ាងហោចណាស់ក៏មានមន្ត្រីយោធាថៃចំនួន៧នាក់ដែរ ដែលរងរបួស ដោយនៅក្នុងនោះក៏មានមេបញ្ជាការយោធភូមិភាគម្នាក់ដែរ បន្ទាប់ពីម៉ាសុីនមានបញ្ហា ទើបអាកាសយានិកបង្ខំចិត្តចុះចត នៅលើចម្ការដើមកៅស៊ូតែម្តង។

ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ភាគខាងត្បូងនៃប្រទេសថៃ ជាប់នឹងប្រទេសភូមា។

បើតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានឧទ្ធម្ភាចក្រមួយគ្រឿង លេខ ៧០០៣ បានដឹកនាំមន្ត្រីយោធា រួមជាមួយនិងមេបញ្ជាការយោធភូមិភាគទី៤ គឺលោក ក្រៀងក្រៃ សេរីរ៉ាក់ បានចេញប្រតិបត្តិការហោះហើរ ដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ពីខេត្តសុងខ្លា ទៅកាន់ខេត្ត ប៉ាតានី ។

គេហទំព័រដដែលបានបន្តថា លុះទៅដល់ត្រង់ចំណុច ភូមិ២ ឃុំវុាំងយ៉ៃ ស្រុកថេផា ខេត្តសុងខ្លា អ្នកបើកបរឧទ្ធម្ភាចក្របានសង្គេតឃើញថា ម៉ាសុីនហាក់មានភាពមិនប្រក្រតី ទើបបង្ខំចិត្តចុះចតពីលើចម្ការដើមកៅស៊ូតែម្តង ព្រោះមិនអាចបន្តដំណើរទៅមុខទៀតបាន។

ភ្លាមៗនោះក្រោយពីទទួលបានដំណឹង កម្លាំងយោធាខេត្តសុងខ្លាបានបញ្ជូនឧទ្ធម្ភាចក្រមួយគ្រឿងទៀត ទៅដឹកបញ្ជូនមន្ត្រីយោធាទាំងអស់និងលោកឧត្តមសេនីយ៍ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ព្រោះមនុស្សទាំងអស់សុទ្ធតែរងរបួស តែជាសំណាងល្អដោយគ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ ៕ អត្ថបទ : ព្រាប.ស