អភិបាលរងស្រុកស្នួលម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅក្នុងខេត្តក្រចេះ 

ខេត្តក្រចេះ ÷ អភិបាលរងស្រុកស្នួល ខេត្តក្រចេះ លោក នូ សុផល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តខ្លួនឯង ក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២ និង៣០ ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

យោងតាមរបាយការណ៍នគរបាលចរាចរណ៍ បានឲ្យដឹងថា លោក នូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R-5300 ដោយបើកបរបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះបានរ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក ក្នុងពេលនោះតែម្ដង។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យ ប្រគល់ជូនក្រុមគ្រួសារ នៃសពយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ដោយ : ឡុង សំបូរ