ការប្រកួតពានរង្វាន់វាយសី មនុស្សធម៌ ឆ្នាំ២០២២ នៅខេត្តសៀមរាបដោយមានការជួយជម្រុញ គាំទ្រក្នុងវិស័យកីឡាវាយសី របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប

ការប្រកួតពានរង្វាន់វាយសី មនុស្សធម៌ ឆ្នាំ២០២២ នៅខេត្តសៀមរាបដោយមានការជួយជម្រុញ គាំទ្រក្នុងវិស័យកីឡាវាយសី របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប នៅចុងសប្តាហ៍ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២២នេះ នៅក្លឹបវាយសី SBC ខេត្តសៀមរាប បានបើកការប្រកួតកីឡាវាយសី មនុស្សធម៌ ឆ្នាំ២០២២ ដែលរៀបចំឡើងសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយសាលា សណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និងសាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Spoon Cambodia និង សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈEcole Du Bayo និងមូលនិធិកុមារអង្គរ ដើមី្បរកមូលនិធិក្នុងការទ្រទ្រង់ដល់សិស្សក្រីក្រ រៀននៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប ។ ការប្រកួតវាយសី មនុស្សធម៌នេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានរបស់ លោក សោម សមស័ក្ត ប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និង លោក ហ្វ្រង់ ស្វ័រស្នូ បែលីន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដោយមានការនិមន្តនិងចូលរួមពីសណនិសិត្ស សិស្ស និង កីឡាករ កីឡាការនី មកពីក្លឹមក្នុងខេត្តចូលរួមធ្វើការប្រកួតផងដែរ ។
មានប្រសាសន៍នោះដែរ លោក សោម សមស័ក្ត ប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ក្នុងការជម្រុញលើវិស័យកីឡាវាយសី ដើមី្បជាមនុស្សធម៌ សម្រាប់ ការទ្រទ្រង់ ដល់សិស្សក្រីក្រ ដែលបានកំពុងបំពេញការសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និង ដើមី្បបង្កើននូវកញ្ចប់មូលនិធិ អាហារូបករណ៍ ជូនដល់សិស្សក្រីក្រ ដែលសាលាបានធ្វើការជ្រើសរើសសិស្សក្រីក្រ មកពី បណ្តាខេត្ត ស្រុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលមកសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូលខេត្តសៀមរាប ។ លោកបានបន្តទៀតថា វិស័យកីឡានេះមានសារៈសំខាន់ដល់យើងគ្រប់រូប ធ្វើឲ្យមានសុខភាពមាំមួន ប្រាជ្ញា ឈ្លាសវៃ ព្រមទាំងចលករមួយលើការទំនាក់ទំនងល្អក្នុងវិស័យសេដ្ឋកិច្ចសង្គមទៀតផង ។ លោកបន្តថា នេះជាសកម្មភាព ចែករំលែកធនធាន ក្នុងការគាំទ្រឧបត្ថម្ភដល់វិស័យអប់រំ បណ្តុះបណ្តាលក្នុងនិងក្រៅប្រព័ន្ធ ដល់សិស្សក្សត់ខ្សោយធន ធាន ហើយក៏ជាបេសកកម្មមនុស្សធម៌មួយ ដែលយើងទាំងអស់គ្នាបានធ្វើឡើង ក្នុងការចូលរួមចំណែកដល់សង្គមជាតិ ។
ម៉្យាងទៀតវិស័យកីឡាក៏ជា ចលនាមនុស្សធម៌មួយ ក្នុងការកៀគរនូវថវិកា ដើមី្បទ្រទ្រង់ដល់ជនក្រីក្រ រងគ្រោះដោយគ្រោះធម្មជាតិ និង ផ្តល់ជូនដល់ មន្ទីរពេទ្យ សំខាន់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរជាដើម ។ ក្នុងនោះដែរលោកក៏បាន លើកនៅគម្រោងក្នុងការរៀបចំប្រកួតវាយសី មនុស្សធម៌ នៅចុងឆ្នាំ២០២២នេះ ក្នុងចលនាកៀគរពីសប្បុរសជន តាមរយៈការប្រកួតវាយសីប្រចាំឆ្នាំ ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យទាំងពីរនេះផងដែរ ។ ក្នុងនោះដែរលោក សោម សមស័ក្ត ក៏បាននាំយកនូវថវិការបស់ ឯកឧត្តម ទៀ សីហា និង លោកជំទាវ ចំនួន៣ពាន់ដុល្លា ដល់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និង ៥០០ ដុល្លា ជូនដល់សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Spoon Cambodia និង ៥០០ដុល្លាទៀត បានជូនដល់ សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈEcole Du Bayo ។
មានប្រសាសន៍នោះដែរលោក ហ្វ្រង់ ស្វ័រស្នូ បែលីន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក៏បានធ្វើការថ្លែងអំណរគុណដល់លោកប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និង ជាម្ចាស់ក្លឹបវាយសី SBC ដែលបាន រួមសហការបានល្អជាមួយសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក្នុងការរៀបចំការប្រកួតប្រកបដោយភាព រលូន ទៅតាមបច្ចេកទេសស្តង់ដា អន្តរជាតិទៀតផង ។ លោកបានបញ្ជាក់ថា នៅរៀងរាល់ឆ្នាំ សាលាបានចុះធ្វើការ ជ្រើសរើសសិស្សក្រីក្រនៅតាមមូលដ្ឋាននៃខេត្តឆ្ងាយៗ យកមកធ្វើការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗ ។ តែដោយក្នុងរយៈពេល២ឆ្នាំមកនេះ នៅលើពិភពលោក ជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យសាលាមានការខ្វះខាត ក្នុងការទ្រទ្រង់ដល់ការសិក្សារបស់សិស្សក្រីក្រជួបការលំបាក ។ ម៉្យាងទៀតការប្រកួតវាយសី មនុស្សធម៌នេះ គឺជាកាយវិការដ៏សប្បុរសធម៌ របស់កីឡាករ កីឡាការនី ក្នុងការចូលរួមចលនាមនុស្សធម៌ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប