សម្តេចតេជោ ហ៊ុនសែន ផ្តល់ស្រូវពូជជាង៥៦តោន ដល់កសិករដែលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ក្នុងស្រុកពញាក្រែក

ត្បូងឃ្មុំ : ប្រជាពលរដ្ឋជាកសិករគោលដៅចំនួន៧៥២គ្រួសារក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដីប្រមាណ៥៤២ហិចតា ដោយទឹកជំនន់ក្នុងឆាំ្ន២០២២នេះ ត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ស្រូវពូជជាង៥៦តោន ដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករ ធ្វើស្រែចំការស្តារជីវភាពឡើងវិញ ដែលបានធ្វើឡើងក្នុងបរិវេណវត្តព្រៃនគរក្រៅ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោយ វត្តមាន ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

គួរ បញ្ជាក់ ថា ដោយក្នុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមក រួមផ្សំ ទឹកហូរពីផ្នែកខាងលើផង បានបណ្ដាលឲ្យស្រូវពង្រារបស់ប្រជាកសិករមួយចំនួនដែលទើបធ្វើការ ដាំដុះ បានរងនូវការជន់លិចខូចខាតទាំងស្រុងជាច្រើនលើកច្រើនសារ រួមជាមួយផលប៉ះពាល់នៃវិបត្តិ ជំងឺកូវីដ-១៩ បណ្តាលឱ្យប្រជាកសិករមានការខ្វះខាតពូជស្រូវយ៉ាងខ្លាំង សម្រាប់បង្កបង្កើនផលនៅ ពេលទឹកបានស្រុកទៅវិញ ។

ជាការឆ្លើយតបភ្លាមៗ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យរដ្ឋបាលស្រុកពញាក្រែក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ឃើញថាក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះ ចំនួន ៧៥២ គ្រួសារ លើផ្ទៃសរុប ៥៤២.៥៨ ហិកតា ត្រូវការគ្រាប់ពូជសរុបចំនួន ៥៦,៥៥០ គីឡូ ក្រាម ដើម្បីរាយការណ៍ និងស្នើសុំទៅគណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា ហើយក៏ទទួល បាននូវគាំទ្រ និងនាំយកគ្រាប់ស្រូវពូជមកចែកជូនបងប្អូនប្រជាកសិករដោយឥតគិតថ្លៃនាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕