ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនិងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបេីកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យោងតាមបណ្តឹងរបស់ជនរងគ្រោះ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុច ទំនប់ដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកសួនាំរនៅមូលដ្ឋានអាវុធហត្ថក្រុង ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកហុងដា ឃ្លិក ដែលជិះធ្វើសកម្មភាព និងកាបូបពណ៌ខ្មៅចំនួន០១ មានប្រាក់ចំនួន៩,២០០បាត (របស់ជនរងគ្រោះ)

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យ ទី១-ឈ្មោះ ហេង ប៊ុនធាន (ហៅថាច់) ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ នេត ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២មានទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង២នាក់ បានឱ្យដឹងថា ពួកគេមានគ្នាចំនួន៣នាក់ ហើយបានធ្វេីសកម្មភាព ជិះម៉ូតូឆក់កាបូប លុយពីជនរងគ្រោះពិតប្រាកដមែន ។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងផងនោះទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹក
ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ ២០២២នេះ ចំណែកបក្ខពួកម្នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធីបន្តទៀត រីឯវត្ថុតាង កាបូប និងលុយទាំងអស់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដេីមវិញហើយដែរ ៕ដោយ៖ ភ្នំប្រាក់