ឯកឧត្តមបណ្ឌិត ជា ចាន់តូ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបសគណបក្សប្រជាជនកម្ពុជា

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសាភិបាលធនាគារជាតិ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងគណប្រតិភូអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបសគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើចូលរួមរបស់សមាជិកសមាជិការប្រមាណជាង៨០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានបង្ហាញឲ្យឃើញថា ជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងមក គឺជាការគាំទ្រថ្មីៗថែមទៀតរបស់ប្រជាជនកម្ពុជាពិសេសពីសំណាក់យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយនេះផងដែរ ឯកឧត្តមបណ្ឌិត បានជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋានត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនិងសមាជិកសមាជិការ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការពួកគាត់បានទាន់ពេលវេលា និងចំគោលដៅ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវបង្កើនការយកចិត្តទុកដាក់លើយុវជន ព្រមទាំងកម្លាំងបន្តវេន បេក្ខជនដែលមានសក្តានុពល និងប្រជាប្រិយភាព ។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានណែនាំ ដល់មន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបំរើស្ថាប័ន អង្គភាពឲ្យមានការីកចម្រើន បំរើប្រជាពលរដ្ឋឲ្យបានពិតប្រាកដ និងត្រូវជៀសឲ្យផុតជាមន្ត្រីគ្រាប់ល្ពៅ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតមបានណែនាំ ដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តជួយថែរក្សាសន្តិភាពឲ្យបានគង់វង្សស្ថិតស្ថេរ និងជួយគាំពារជនងាយរងគ្រោះ ពិសេសត្រូវបន្តប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ ត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងចាក់វ៉ាក់សាំងបង្កាមេរោគកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។