មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងនាំយកអំណោយរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារក្មេងលង់ទឹក០៣នាក់និងស្លាប់០២នាក់ និង១នាក់ទៀតជួយសង្គ្រោះទាន់ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង: នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស
២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី
អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌នាំយកអង្ករចំនួន ២២៥គីឡូក្រាម មី ០៦កេះ អាវរងា ០៣អាវ មុង០៣ ម៉ាស់ ០៣ប្រអប់ ជែលលាងដៃ ០៩ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារក្មេងលង់ទឹកចំនួន ០៣នាក់ ពេលឆ្លងប្រឡាយទៅដឹកគោ បណ្តាលឲ្យស្លាប់០២នាក់ និងសង្គ្រោះបាន ០១នាក់ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខ
ទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើង
គោក និងលោកជំទាវ ចំពោះគ្រួសារក្មេងស្រីដែលបានស្លាប់ដោយសារលង់ទឹកទាំង២នាក់ ។

ឯកឧត្តម មេបញ្ជាការ បានណែនាំដល់គ្រួសារក្មេងរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួម ត្រូវយកចិត្តទុកដាក់ចំពោះកូនចៅតូចៗ មិនត្រូវបណ្តោយឲ្យទៅលេងកន្លែងមានទឹកជ្រៅៗដោយគ្មានមនុស្សចាស់នៅជាមួយនោះឡើយ ។

ឯកឧត្តម មេបញ្ជាការ ក៏បានក្រើនរំលឹកដល់គ្រួសារក្មេងរងគ្រោះទាំង០៣គ្រួសារ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ចូលរួមអនុវត្តវិធានការ៣ការពារ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិ
បាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ។

ជាចុងបញ្ចប់ ក្រុមគ្រួសារក្មេងស្រីរងគ្រោះទាំង០៣គ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ ព្រមទាំងក្រុមការងារ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារសូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ សុខ គឹមសៀន