ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់ផ្ទះមនុស្សធម៌ទី១១ ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ នៅឃុំតាអុង ស្រុកចំការលើ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត ដោយ មានការនិមន្ត និង អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និង មន្ត្រី រាជការ នាព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២ នេះ បានប្រគល់ផ្ទះមនុស្សធម៌ទី១១ ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះ ខៀវ ខេត អាយុ ៧២ឆ្នាំ រស់នៅ ភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ សំអាតលំនៅដ្ឋាន ដុត កំទេចចោលវត្ថុដក់ទឹកនានា បំផ្លាញជម្រកមូសខ្លា សម្រាន្តក្នុងមុង ដើម្បី ការពារជម្ងឺគ្រុនឈាម និង ស្វែងយល់ អំពីរោគសញ្ញានិងការពារការឆ្លងជម្ងឺអុតស្វា ដែលពិភពលោកកំពុងចាប់អារម្មណ៍ ។ ជាមួយនោះ បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់គ្នា ។

គួរ បញ្ជាក់ ថា លោកតា ខៀវ ខេត និងប្រពន្ធឈ្មោះ រិទ្ធ ហុន អាយុ ៧០ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ: ប័ណ្ណសមធម៌ ក្រ ២ ។ ពួកគាត់ មានកូនប្រុសស្រី ៣នាក់ បានរៀបការបែកគ្រួសារ ខណ:ពួកគេ ក៏មានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន ។ ដោយស្ថានភាពលំបាកបែបនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០ លានរៀល ព្រមទាំងផ្តល់សម្ភារសម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល ។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល ផងដែរ៕