លោកអភិបាលខេត្ត ចុះពិនិត្យផ្ទៃអាងភាស តាមបទបញ្ជារបស់សម្តចតេជោ ក្រោយពីមានការតវ៉ារឿងស្តារផ្ទៃអាង ក្នុងស្រុកឯកភ្នំ

បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យ និង ជួបជា មួយប្រជាពលរដ្ឋ នៅចំណុចអាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលពលរដ្ឋដែលអះអាងថា អាស្រ័យផលជាក់ស្តែង។

ឯកឧត្តម សុខ លូ បានបញ្ជាក់តាមគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១៦សីហា ឱ្យដឹងថា ការចុះមកនេះគឺ ដោយអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យ ចុះពិនិត្យបងប្អូនប្រជាពលរដ្ឋ ដែលបានអះអាងថាបានអាស្រ័យផលនៅក្នុងអាងភាសនៅស្រុកឯកភ្នំនេះ ។ ឯកឧត្តមសុខលូ បាន បញ្ជាក់ថា ៖ « ប្រយោជន៍រាស្ត្រត្រូវតែការពារ តែប្រយោជន៍រួម ប្រយោជន៍រដ្ឋក៏ត្រូវតែរក្សាដែរ…..! »។

សូមបញ្ជាក់ថា ការដែលប្រមុខរាជរដ្ឋាភិបាលដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្តបាត់ ដំបងចុះពិនិត្យនេះ ក្រោយពេលដែលប្រជាពលរដ្ឋប្រមាណជិត១០០នាក់ ក្នុងចំណោមជាង២០០គ្រួសារ ដែល រួមមានទាំងអ្នកអាស្រ័យផល អ្នករស់នៅលើខ្នងអាង និង ប្របមាត់ស្ទឹង ជាប់អាង បានលើកគ្នា មកតវ៉ាមិនឱ្យគ្រឿងចក្របន្តកាយយកអាចម៍ដី លើស្រែរបស់ពួកគាត់ ដែលប្រជាពលរដ្ឋ អះអាងថា ដីពួកគាត់បានអាស្រ័យផល តាំងពីឆ្នាំ ១៩៨៣មក ។

លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ចុះមកទីតាំងដី អាងភាសនេះ គឺដើម្បីមកជួបប្រជាពលរដ្ឋនិងពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីរៀបចំស្នើសុំទៅសម្តេច កាត់ឆ្វៀលចំពោះប្រជាពលរដ្ឋ ដែលអាស្រ័យ ផលយូរមកហើយ ។

លោកអភិបាលស្រុកបានបន្ថែមថា កន្លងទៅអាជ្ញាធរ មិនទាន់មានការសិក្សាច្បាស់នៅឡើយ ថាតើមាន ប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលអាស្រ័យផលជាក់ស្តែងនិងយូរនៅទីនេះ ដោយកន្លងមកធ្លាប់តែជួប សម្រប សម្រួលជាមួយប្រជាពលរដ្ឋ២៣គ្រួសារ ដែលអះអាងថាបានអាស្រ័យផលជាប់រហូតតាំងពីឆ្នាំ ១៩៨៣ មក ដល់បច្ចុប្បន្ននេះលើផ្ទៃដីជាង៣០ហិកតា។ ប៉ុន្តែនៅមានប្រជាពលរដ្ឋដែលនៅខាងលិច និង ខាងជើងអាងភាស ក៏អាស្រ័យផលយូរដែរ តែមិនទាន់ដឹងប៉ុន្មានគ្រួសារ ដែលអាជ្ញាធរ និងមន្រ្តីជំនាញនឹងចុះសិក្សា លម្អិតរាយការណ៍ ជូនថ្នាក់ដឹកនាំ ។

លោក ម៉ឹល សុផល ៖ « អាជ្ញាធរនឹងចុះធ្វើការសិក្សា ឥឡូវនេះខ្ញុំកំពុងតែធ្វើរបាយការណ៍ លម្អិតពីអាងភាសនេះ រាយការណ៍ជូនឯកឧត្តមអភិបាលខេត្តសិន»។

បើតាមអាជ្ញាធរបញ្ជាក់ថា ដីអាងភាសនេះស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម លើផ្ទៃដីចំនួន១៩០០ហិកតា ស្ថិតនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ។ បច្ចុប្បន្ននេះក្រសួងធនធានទឹក តាមរយៈ រដ្ឋបាលខេត្ត ជាជំហានដំបូង អនុញ្ញតឱ្យក្រុមហ៊ុនពីរ កាយអាចម៍ដីលើផ្ទៃដី១០០ហិកតា ជម្រៅ៤ម៉ែត្រសិន ដើម្បីស្តុកទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ និងមាន គម្រោងអភិវឌ្ឍន៍បន្ថែមទៀត បើតាមប្រភពអោយដឹងថាដីអាងភាសនេះ ក៏មានដីអ្នកមានទ្រព្យសម្បត្តិធំៗនៅទីនោះដែរ ដែលអ្នកខ្លះមានខ្ទង់ រយហិចតា ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ នាពេលកន្លងមក ហើយអាជ្ញាធរបានអះអាងថាការតវ៉ា របស់ពលរដ្ឋនេះក៏មានអ្នកញុះញង់នៅពីក្រោយផងដែរ ។ បើតាមហាងឆេងដី ជាប់អាងភាសនេះ (ក្រៅអាង ) ប្រជាពលរដ្ឋ បានអោយដឹងថា មានតម្លៃ១ហិចតា រហូតដល់៥ទៅ៧ម៉ឺនដុល្លារ ដោយសារតែតំបន់ក្បែរ នេះមានការ ពុះដីឡូត៍លក់ ព្រោងព្រាត ហើយតំបន់នេះលឺថា ជាប់គម្រោងផ្លូវ កាត់ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅ សៀមរាប ផងដែរ ៕ អត្ថបទ: ព្រាប.ស