ឯកឧត្តម ឡុង ផល ជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ត្រូវដោះស្រាយ និងផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២
ឯកឧត្ដម ឡុង ផល អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ នៅសាលាស្រុកស្ទោង។ ដោយមានការអញ្ជើញចូលរួម ពីលោកលោកស្រីក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ស្រុក ប្រធានការិយាល័យអង្គភាព ជុំវិញ និងចំណុះឲ្យសាលាស្រុកស្ទោង លោកមេឃុំគ្រប់ឃុំ ព្រមទាំងកងកម្លាំងទាំងបី។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកបានជំរុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ទាំងអស់ត្រូវបម្រើការជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរហើយមិនមានប្រកាន់និន្នាការនយោបាយឡើយ។ ក្នុងនាមយើងជាឈាមជ័រតែមួយ ត្រូវបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ តាមស្ថានភាពជាក់ស្តែង ដោយមិនត្រូវប្រមាថថាការងារឬកិច្ចការខ្លះតូចតាចឡើយ គឺសុទ្ធតែតម្រូវវការចាំបាច់របស់ប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមក៏បានកោតសរសើរខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារពិសេសថ្នាក់ដឹកនាំស្រុក ដែលបាន អភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាបានល្អប្រសើរជូនប្រជាពលរដ្ឋកន្លងមក។ ជាពិសេសការខិតចំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងត្រៀមលក្ខណៈកាត់ឆ្វៀលដីនៅតំបន់៣ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង។

ជាមួយនេះផងដែរឯកឧត្តម ឡុង ផល បានរំលឹកបន្ថែមថា ក្រុមការងារទាំងអស់ត្រូវចុះជួបផ្ទាល់ជាមួយ ជាមួយបងប្អូនប្រជាពលរដែលមានបញ្ហា ត្រូវជួយដោះស្រាយឬផ្តល់សេវាប្រកបដោយតម្លាភាព មានឥរិយាបថ ទន់ភ្លន់ ជាពិសេសត្រូវបម្រើសេវាសាធារណៈឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង។

លើសពីនេះឯកឧត្តម ឡុង ផល បានផ្តាំផ្ញើរដល់ក្រុមកាងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តអនុវត្តកិច្ចការរបស់ខ្លួនដែលនៅសេសសល់ កុះឲ្យកកស្ទះ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួនឲ្យចំគោលដៅ តាមតម្រូវការជាក់ស្តែង មានប្រសិទ្ធភាព និងទាន់ពេលវេលាបំផុត។ សូមឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្ត ចាក់វ៉ាក់សាំងដូសជំរុញ ផ្សព្វផ្សាយប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។