ប្រជាពលរដ្ឋចំនួន ៧២៧គ្រួសារស្ម័ត្រចិត្តរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ បានទទួលចាប់ឆ្នោតយកដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី

ខេត្តសៀមរាប​ ៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ នៅតំបន់រមនីយដ្ឋានអង្គរប្រមាណ ៧២៧គ្រួសារ មកពីភូមិត្រពាំងសេះ ចំនួន ៤៩៣គ្រួសារ ភូមិទកិ្សណខាងត្បូង ចំនួន២៣៤គ្រួសារ ក្នុងសង្កាត់គោកចក ដែលស្ម័ត្រចិត្តរុះរើ និង គ្រប់លក្ខខណ្ឌ ក្នុងការទទួលបានទីតាំងលំនៅដ្ឋានថ្មី នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានអញ្ជើញចូលរួមចាប់ឆ្នោតយកដីឡូត៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ទៀ សីហា អភិ បាលនៃគណៈអភិបាលខេត្ត ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និង ជាប្រធានក្រុមការងារ ព្រមទាំងប្រធានមនី្ទររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារផងដែរ ។
ពលរដ្ឋទាំង៧២៧គ្រួសារនោះ មាន២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៩៣ គ្រួសារស្ថិតនៅភូមិត្រពាំងសេះ ហើយដីឡូត៍ដែលពួកគេចាប់ឆ្នោតយកនេះ មានទំហំ ២០ គុណ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក ស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប ។ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងយុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១ពាន់២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង មន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និង អត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា ។ ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយ ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ ។ យុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និង អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ។ បើទោះបី ជាយ៉ាងណា យុទ្ធនាការនេះមិនមានផ្ទុះបាតុភាពតវ៉ាណាមួយនោះទេ ប្រជាពលរដ្ឋបានជ្រូតជ្រាបពីសារៈសំខាន់នៃយុទ្ធនាការនេះ ហើយបានស្ម័គ្រចិត្តរុះរើសំណង់ជាបន្តបន្ទាប់ ។
ក្នុងឱកាសបងប្អូនដែលមានលំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានមកចូលរួមចាប់ឆ្នោតទទួលដីឡូត៌នោះ ក៏បានធ្វើការសប្បាយរីករាយជាខ្លាំង ក្នុងពេលដែលរាជរដ្ឋាភិបាល បានផ្តល់ដីឲ្យកាន់កាប់ស្របច្បាប់មួយកន្លែង រស់នៅដោយគ្មានការភ័យព្រួយដូចកាលគាត់រស់នៅក្នុងតំបន់រមនីយដ្ឋានអង្គរទៀតឡើយ ដែលគ្មានសិទ្ធិកាន់កាប់ស្របច្បាប់ ប្រៀបបានដូចទឹកនៅលើស្លឹកឈូកអញ្ចឹង ។ បងប្អូនក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែល បានស្វែងរកសន្តិភាពជូនប្រជាជាតិ ព្រមទាំងដោះស្រាយពីទុក្ខលំបាកជូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទៀតផង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប