ពលរដ្ឋរស់នៅលើដីរដ្ឋនៃមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យនៅក្រុងប៉ោយប៉ែត លើកនេះថាព្រមចេញ តែនៅទាមទារ

បន្ទាយមានជ៍យ ៖ពលរដ្ឋ២គ្រួសាររស់នៅលើដីរដ្ឋនៃមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យស្ថិតនៅចំណុចមណ្ឌលសំចតភូមិប្រជាធម្មកើតសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅលើកនេះបានអះអាងថា ពួកគេព្រមរុះរើសំណង់ផ្ទះចាកចេញពីដីរដ្ឋនោះ តែនៅទាមទារថា អាជ្ញាធរមានសមត្ថកិច្ចគួរតែផ្តល់ដីនិងសង់ផ្ទះនៅកន្លែងមួយណាសមស្របអោយស្នាក់នៅផង ។
ដឹងដូច្នេះ ពេលអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តច្បាប់បានចុះអនុវត្តសាលក្រមតុលាការនិងសេចក្តីជូនដំណឹងលើកទី៣របស់អាជ្ញាធរស្តីពីការរុះរើលំនៅឋានដែលបានសាង់សង់នៅលើដីរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្តបន្ទាយមានជ័យ នាចំណុចមណ្ឌលសំចតភូមិប្រជាធម្មកើតសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៤ខែសីហា ។
លោកង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយមានជ័យ លោកសំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ។
ពលរដ្ឋ២គ្រួសារនោះ ១:ឈ្មោះ ចាប អូន និងប្រពន្ធឈ្មោះសឿន ងីម និង២:ឈ្មោះណុប ហ៊ីម និងប្រពន្ធឈ្មោះយ៉ុង អ៊ិន រស់នៅនិងមានផ្ទះស្ថិតនៅដីរដ្ឋដូចខាងលើ ។
លោកង៉ោ ម៉េងជ្រួន បាននិយាយថា : សំខាន់គឺបងប្អូនបានរស់នៅនិងសង់លំនៅខុសច្បាប់នៅលើដីរដ្ឋអស់រយ:ពេលដ៏យូរហើយ។ ហើយពេលនេះ រដ្ឋត្រូវការដីនោះមកសាងសង់សំណង់អគាររដ្ឋសម្រាប់កិច្ចសាធារណ:។ហេតុនេះ សូមបងប្អូនសហការ ហើយចាកចេញនិងសូមកុំមានប្រព្រឹត្តបទល្មើសថ្មីបន្ថែម ។លោកបន្ថែមថា :តើអ្នកប្រព្រឹត្តបទល្មើស (ពលរដ្ឋ) ត្រូវតែទារសំណងពីអ្នករងគ្រោះ(រដ្ឋ)ឬយ៉ាងណា ?
រីឯពលរដ្ឋខាងលើ នាលើកនេះថា ពួកខ្លួនសម្រួលឥរិយាបថអនុវត្តតាមសម្រួល មិនរឹងទទឹងទៀតទេ ប៉ុន្តែ ពួកគេសូមទទូចស។ដល់អាជ្ញាធរមានសមត្ថកិច្ចជួយរកដីនិងជួយសង់ផ្ទះនៅទីតាំងណាមួយសមស្របដើម្បីពួកខ្លួនរស់នៅបន្តផង ។
សូមបញ្ជាក់ថា យោងលិខិតជូនដំណឹង(លើកទី៣)ស្តីពីការរុះរើលំនៅឋានដែលបានសាង់សង់នៅលើដីរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្តបន្ទាយមានជ័យ លេខ១២២ /២២ សជណ ចុះថ្ងៃទី០៨ខែសីហាឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកគាត ហ៊ុល អភិបាលក្រុងបានអោយដឹងថា :ក្រោយពីក្រុមការងារចម្រុះរួមមានក្រសួងសង្គមកិច្ច រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីររសង្គមកិច្ច មន្ទីររៀបចំដែនដី រដ្ឋបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យនិងវាស់វែងទីតាំងដីរបស់របស់មន្ទីរសង្គមកិច្ចខេត្ត(នៅទីតាំងខាងលើ) ឃើញថាមានផ្ទះ២ល្វែង ជារបស់ ១:ឈ្មោះ ចាប អូន និងប្រពន្ធឈ្មោះសឿន ងីម និង២:ឈ្មោះណុប ហ៊ីម និងប្រពន្ធឈ្មោះយ៉ុង អ៊ិន ដែលបានសាងសង់និងរស់នៅស្ថិតនៅដីរដ្ឋនៃមន្ទីរសង្គមកិច្ចខេត្ត(ចំណុចមណ្ឌលសំចត) ដែលនឹងត្រូវកសាងអគារមណ្ឌលសម្រាប់ទទួលពលករចំណាកស្រុក ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ។
លិខិតបន្តថា : ដើម្បីអោយដំណើរការសាងសង់ប្រព្រឹត្តទៅបាន រដ្ឋបាលក្រុងសូមជម្រាបជូនដំណឹងដល់លោក លោកស្រីដែលជាម្ចាស់សំណង់ រុះរើលំនៅឋាននិងសំណង់ផ្សេងៗរបស់ខ្លួនចេញ ចាន់ពីជូនដំណឹងដល់ត្រឹមថ្ងៃទី១១ខែសីហាឆ្នាំ២០២២ ជាកំហិត ។
បើមិនអនុវត្តតាមសជណនេះទេ រដ្ឋបាលក្រុងមិនទទួលខុសត្រូវចំពោះរាល់ការខូចខាតទ្រព្យសម្បត្តិនិងសំណង់របស់លោក លោកស្រីឡើយ ។
បន្ថែមលើនោះ ខាងអយ្យការអមសាលាដំបូងក៏ចេញលិខិតគាំទ្រការអនុវត្តនោះថា តាមនិតិវិធី ហើយត្រូវអនុវត្តតាមច្បាប់ជាធរមាន ៕ដោយ៖ឃិន គន្ធា