អភិបាល​ខេត្តកំពង់ចាម​ ​​កាត់បេីកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ​ នៅ​វិទ្យាល័យ​ព្រះសីហនុ​​ ខណៈ​បេក្ខជនចូលរួមប្រឡង​សរុប​ជាង ៨ពាន់នាក់

កំពង់ចាម​: អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡង ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​​ នៅវិទ្យាល័​ ព្រះសីហនុ​​ ស្ថិតក្នុង​ក្រុង​កំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួមពី​ឯកឧត្ដម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។​

មានប្រសាសន៍ក្នុងឱកាស​នោះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យ​ទទួលបានលទ្ធផលល្អ​ គឺ​ប្រឡង​ជាប់និងជោគជ័យ ដោយកុំមានការភ័យខ្លាចអ្វីឡើយ​ ត្រូវ​តាំង​អារម្មណ៍​ធម្មតា​ឲ្យ​ដូច​ពេល​កំពុង​សិក្សា​នាពេលកន្លងមក​​ គិតតែពីខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ​ និងដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ ហេីយបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត ដោយ​មានកងកម្លាំង​សហការណ៍​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ បាន​ការពារខាងសន្តិសុខ​ និងសុវត្ថិភាព​ ​ជូនដល់បេក្ខជន​ និងសិស្សដែលបានមកប្រលងផងដែរ។​

យោងតាមរបាយការណ៍​ របស់​ លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ​ ខាងមន្ទីរបានរៀបចំជ្រេីសរេីសមណ្ឌលប្រឡងចំនួន១៤មណ្ឌល​ ក្នុងនោះបែងចែកជា២ផ្នែក​ ៖​​ ផ្នែកវិទ្យាសាស្ត្រសង្គម​ ៩មណ្ឌល​​ និងផ្នែក​វិទ្យាសាស្ត្រ​៥មណ្ឌល​ ក្នុង​នោះបេក្ខជនសរុបទូទាំងខេត្តដែលបានដាក់ពាក្យប្រឡងមានចំនួន​ ៨៤០៤នាក់។

លោកប្រធានមន្ទីរ​ បាន​បញ្ជាក់​ទៀតថា​ ឆ្នាំនេះ​បេីតាមការគ្រោងទុកនោះ​ ខាងមន្ទីរ​ បានជ្រេីសរេីសយកមណ្ឌលក្នុងស្រុកកំពង់សៀម​ ២មណ្ឌល​ មានអនុវិទ្យាល័យ​អង្គរ​ និងវិទ្យាល័យ​សម្តេចជួន​ណាត​ ហេីយជ្រេីសយកមណ្ឌលស្រុកជេីងព្រៃ​មាន៖ វិទ្យាល័យ​ ហ៊ុនសែន​ស្គន់​ និង​សាលា​សាលាបឋមសិក្សា​ ហ៊ុនសែន​ស្គន់​ ដោយឡែក​នៅ​ក្នុង​ក្រុងកំពង់ចាមមាន​ចំនួន​ ៩មណ្ឌល​ ផងដែរ​ ៕