ឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបជិត៣.៩៣២នាក់

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី០៥​ ខែធ្នូ ឆ្នាំ២០២២នេះ​ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុង​ពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យស្វាយរៀង(ខាងត្បូង) ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ សសយក និងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)។
យោងរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោតដឹងថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន ៣.៩៣២ នាក់ ស្រី ២.០៥៧នាក់៖
មណ្ឌលប្រឡង មានចំនួន៧ មណ្ឌល , បន្ទប់ប្រឡង មាន ១៥៨បន្ទប់
+ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត៖ មាន ២មណ្ឌល មាន ៣៣បន្ទប់ បេក្ខជនចំនួន ៨១២នាក់។
– មណ្ឌល បឋមសិក្សាកន្ទុយវៃ មាន២៥បន្ទប់ បេក្ខជនចំនួន៣២៥នាក់ និង មណ្ឌល វិទ្យាល័យហ៊ុនសែនចេក មាន ២០បន្ទប់ បេក្ខជនចំនួន ៤៨៧នាក់។

+ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម៖ មានចំនួន៥មណ្ឌល ស្មើនឹង១២៥បន្ទប់ មានបេក្ខជនចំនួន ៣.១២០នាក់ រួមមាន៖
-មណ្ឌល បឋមសិក្សាព្រះសីហនុ មាន២៥បន្ទប់ បេក្ខជន ៦២៥នាក់
-មណ្ឌល វិទ្យាល័យស្វាយរៀង(ត្បូង) មាន ៣៣បន្ទប់ បេក្ខជន ៨២៥នាក់
-មណ្ឌល វិទ្យាល័យស្វាយរៀង(ជើង) មាន ៣៥បន្ទប់ បេក្ខជន ៨៧៥នាក់
-មណ្ឌល សាលាគរុកោសល្យ មាន ២៣បន្ទប់ បេក្ខជន ៥៧៥នាក់
-មណ្ឌល បឋមសិក្សា២ធ្នូ មាន ៩បន្ទប់ បេក្ខជន ២២០នាក់៕គឹមសេង