អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ

(ប៉ៃលិន)៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយ ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណា មិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។ ពិធីនេះរៀបចំឡើងនៅសាលប្រជុំធំសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ ។
របៀបវារៈ ដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ ទី១/ ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត ទី២/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត ទី៣- ពិនិត្យ និងអនុម័ត ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៣៣//២២ សសរចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ទី៤- ពិនិត្យ និងអនុម័ត លើផែនការលទ្ធកម្មប្រចាំ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តប៉ៃលិន និងទី៥- បញ្ហាផ្សេងៗ -ពិភាក្សាផែនការកម្មវិធីសម្រាប់រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២២។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន