រថយន្តកែឆ្នៃបើកលឿនរ៉េចង្កូតជ្រុលទៅបុកដើមស្នាយបណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់

(ឧត្តរមានជ័យ)​៖មានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តច្នៃមួយគ្រឿងបើករ៉េចង្កូតទៅបុកដើមស្នាយយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់កាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិអន្លង់វែង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថា បើតាមគាត់ដឹងអ្នកបើកបរសង្ស័យតែងងុយដេកហើយចំពោះឡាន នេះដែរគឺបើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើក៏រ៉េចង្កូតទៅបុកដើមស្នាយតែម្តង។

ប្រភពពីកន្លែងកើតហេតុដដែលបានឲ្យដឹងបន្តថាបើតាមការឲ្យដឹងនៅពេលគាត់សាកសួរអ្នកបើកបរ អ្នកបើកបររថយន្តប្រាប់ថាគាត់ងងុយដេក ហើយចំពោះរថយន្តខាងលើនេះដែរ គឺជាប្រភេទរថយន្តម៉ាកតូយ៉ូតាកាមរីចង្កូតស្ដាំ គ្មានស្លាកលេខពណ៌ស្ពៃជ្រក់ជាប្រភេទឡានកែច្នៃដឹកទំនិញករណីនេះគឺ មិនបង្កដល់គ្រោះថ្នាក់ដល់អ្នកដទៃនោះទេដោយក្នុងហេតុការណ៍នេះអ្នកបើកបររថយន្តធ្វើដំណើរជិះគ្នាពីរនាក់រងរបួសធ្ងន់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ជាក់ស្ដែងក្រោយកើតហេតុម្ចាស់រថយន្ត ឬក៏ជាថៅកែឡាន នាំគ្នាមកប្រមូលសាងអីវ៉ាន់ចេញពីរថយន្តនិងបានហៅឡានស្ទូចទៅស្ទូចយករថយន្តនោះទៅដើម្បីយកជួសជុលនៅថ្ងៃ ដដែលនេះផងដែរ ។

សូមបញ្ជាក់ថាករណីខាងលើនេះក្រុមការងារព័ត៌មានយើងមិនអាចសុំការបញ្ជាក់ពីអត្តសញ្ញាណឈ្មោះអ្នកបើកបរបានទេក្រោយកើតហេតុអ្នកបើកបរនិងអ្នកធ្វើដំណើរជាមួយគឺបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យបាត់ទៅហើយ។ដោយ៖ចាន់ ធី