ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចុះពិនិត្យទីតាំងនៅបរិវេណសួនស្ទឹងសែន ត្រៀមសម្រាប់ប្រារព្ធពិធីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងក្រុមការងារថ្នាក់ខេត្ត បានចុះពិនិត្យទីតាំងនៅបរិវេណសួនស្ទឹងសែនសម្រាប់ត្រៀមប្រារព្វពិធីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យបងប្អូនប្រពលរដ្ឋដែលមកចូលរួមក្នុងកម្មវិធីប្រកបដោយបរិយាកាសស្រស់បំព្រង នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជាដើមឈើដែលងាប់ ឬមែកឈើផ្សេងៗត្រូវលះឲ្យបានស្អាតកុំឱ្យមានបញ្ហាពេលប្រារព្ធកម្មវិធីពេលខាងមុខនេះ។ រៀបចំធុងសំរាមឲ្យបានគ្រប់ជ្រុងងាយស្រួលបងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ មានសុវត្ថិភាព និងមានអនាម័យ ព្រមទាំងត្រៀមកន្លែងឱ្យទូលាយសម្រាប់រៀបចំយានជំនេះគ្រប់ប្រភេទ ដើម្បីការពារសុវត្ថិភាពីការបាត់បង់ អ្នកលក់ដូរត្រូវផ្តល់ទីតាំងកន្លែងមួយសមរម្យសម្រាប់ពួកគាត់ ងាយស្រួលសម្រាប់អ្នកចូលទិញទំនិញផ្សេងៗផងដែរ។

ឯកឧត្តមក៏បានបន្តទៀតថា ដើម្បីឲ្យខេត្តកំពង់ធំមានសោភ័ណភាពស្រស់ល្អ រដ្ឋបាលខេត្តក៏បានរៀបចំជាជំរាលមាត់ស្ទឹងបន្តទៀត ឲ្យមានសុវត្ថិភាពដល់បងប្អូនដែលមកទស្សនាពេលមានកម្មវិធីផ្សេងៗ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រុមការងារខាងសាងសង់កំពុងតែយកចិត្តទុកដាក់ស្ថាបនាសំណង់នេះឲ្យមានភាពរឹងមាំ និងមានគុណភាពខ្ពស់ ព្រមទាំងរៀបចំសួនតាមដងស្ទឹងសែនឱ្យក្លាយទៅជាសួនដ៏មានសោភ័ណភាពនាពេលខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តឱ្យបានច្រើន។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ មន្ទីរជុំវិញខេត្តទាំងអស់ដែលខិតខំបំពេញតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តចុះឱ្យអនុវត្ត តាមគោលដៅឲ្យមានដំណើរការប្រកបដោយគុណភាពខ្ពស់។