ប្រទះឃើញក្បាលគ្រាប់ផ្លោងមួយគ្រាប់ ពេលកាយប្រព័ន្ធលូ កណ្តាលក្រុងបាត់ដំបង

0

ខេត្តបាត់ដំបង ÷ ក្បាលគ្រាប់ផ្លោងធុនធ្ងន់មួយគ្រាប់ ត្រូវបានក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រទះឃើញ ខណ:កំពុងកាយផ្លូវដើម្បីដាក់ប្រព័ន្ធលូ។

ប៉ុន្មានថ្ងៃ នាចុងខែធ្នូ និងដើមខែមករាកន្លងទៅនេះ ក្រុមជំនាញនៃមន្ទីរសាធារណការខេត្ត បានប្រើប្រាស់គ្រឿងចក្រ ធ្វើការកាយផ្លូវស្ទើរតែគ្រប់ច្រកល្ហក ដើម្បីដាក់ប្រព័ន្ធលូ បើទោះបីជាផ្លូវទើបក្រាលកៅស៊ូហើយថ្មីៗក៏ដោយ។
លុះនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២ និង ៣០ នាទី រសៀល ក្រុមជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាត់ដំបង និង ក្រុមអនាម័យ បានជីកប៉ះក្បាលគ្រាប់ផ្លោងធុនធ្ងន់មួយគ្រាប់ ដែលម្នាក់ៗស្ទើរលោះព្រលឹង។
ការប្រទះឃើញនេះ ស្ថិត នៅលើកំណាត់ផ្លូវលេខ ១០៧ ក្នុងក្រុមទី៣  ភូមិ បែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ដោយក្បាលគ្រាប់ ( UXO  ) មានចំនួន ១ គ្រាប់ នៅក្នុងរណ្តៅដី ។
ក្រោយពេលពិនិត្យទើបដឹងថា ជាប្រភេទក្បាលគ្រាប់កាំភ្លើងផ្លោង ទំហំ ១០៥ មីល្លីម៉ែត្រ (ជាប្រភេទគ្រាប់បែកចង្កោម) ដែលអាបង្កអោយមនុស្សស្លាប់បាន រួចក៏បានធ្វើការប្រគល់ទៅអង្គភាព ស៊ីម៉ាក់ នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា ( ខេត្ត បាត់ដំបង) ដើម្បីចាត់ការទៅតាមជំនាញ ៕ អត្ថបទ : ព្រាប.ស